ភ្នំពេញ÷ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការរៀបចំកិច្ចប្រជុំ ស្តីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន។ កិច្ច ប្រជុំនេះ ទទួលបានអញ្ជើញចូលរួមជាសហប្រធានដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងមតិស្វាគមន៍ និងមតិបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំង ពីររូប លើកឡើងពីចំណុចរួមមួយនោះគឺ សារៈសំខាន់នៃការសហការគ្នា ការបំពេញគ្នាទៅវិញទៅមក លើការ អនុវត្តការងារលើការដ្ឋានកែទម្រង់រៀងៗខ្លួន ទាំងការទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឆ្លើយតបគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
“កែទម្រង់ទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ។” អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងប្រសាសន៍ស្វាគមន៍។ “ជោគជ័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈឱ្យឆ្លើយតបគោល នយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធ ភាព។” អគ្គបណ្ឌិតសភាចារ្យបានបន្ថែម។
ទន្ទឹមនេះ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ នឹងបន្ថែមការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ឧបនាយករដ្ឋមន្ត្រី បន្ថែមថា កិច្ចប្រជុំថ្ងៃនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែច្បាស់លាស់បន្ថែមទៀតនូវគោលបំណង និងគោលដៅនៃការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
គួររម្លឹកថា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់ កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ ក្រសួងមុខងារសាធារណៈ និងក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ជំនួបនារសៀលនេះ មានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ ដែលមានតួនាទីចាប់ពីអគ្គនាយកឡើង និងមន្ត្រីជំនាញបច្ចេកទេសដទៃទៀតជាច្រើនរូបនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕