សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

ចែករំលែក៖

ទីក្រុងវៀងច័ន្ទន៍ ៖ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត កាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចបានសង្កត់ធ្ងន់ថាស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បិរយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។
“ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព” នេះជាការគូសបញ្ជាក់ បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង។ វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នាពេលនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ“ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា” ។
លោកស្រី Sounthone Xayyachack អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដោយមានវត្តពីសមាជិកអាយប៉ានិងសភាសង្កេតការណ៍ចូលរួម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ និងលេខាធិការដ្ឋាន AIPA ដែលបានសហការគ្នារៀបចំវេទិកាដ៏មានសារៈសំខាន់ ទាន់ពេលវេលា និងសមស្របបំផុត។ សម្តេចបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅពេលនេះ ចំពេលវេលាមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកំពុងជួបប្រឈមនូវបញ្ហាជាច្រើនដែលមិនអាចស្មានគិតទុកជាមុនបាន ហើយដែលតម្រូវឱ្យវិធានការជាបន្ទាន់ មានការដឹកនាំ និងកិច្ចសហការរួមគ្នា។
នៅក្នុងតំបន់អាស៊ាន ស្រ្តីមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប។ ទោះបីជាមានវឌ្ឍភាពនៃការផ្តល់អំណាចដល់ស្រ្តី និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យមួយចំនួន ដូចជា ការអប់រំ និងការថែទាំងសុខភាពក៏ដោយ ក៏ស្រ្តីនៅជួបបញ្ហាប្រឈមនិងឧបសគ្គជាច្រើនដែលរារាំងដល់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់ស្រ្តីនៅឡើយ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ការអនុវត្តនូវចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលឆ្លើយតបទៅនឹងយេនឌ័រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់នូវក្របខណ្ឌទូលំទូលាយមួយដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់។
សម្តេចប្រធានរដ្ឋសភាបានជម្រាបជូនអង្គវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ថា កម្ពុជាបានសម្រេចបាននូវវឌ្ឍនភាពគួរកត់សម្គាល់លើបញ្ហាសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់ការចូលរួមផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (២០២៤-២០២៨) ដែលស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆន្ទៈរបស់អន្តរជាតិ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងឆន្ទៈរបស់អង្គការសហប្រជាជតិ។ ចំណែកខាងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភាបានអនុម័តច្បាប់នានាដែលគាំទ្រដល់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា រដ្ឋសភាក៏បានបង្កើតក្រុមសមាជិកសភាស្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាស្ត្រី និងពង្រីកសំឡេងរបស់ស្រ្តី ព្រមទាំងបានផ្តួចផ្តើមយុទ្ធនាការ #Girl2Leader ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីកម្ពុជាដែលមានអាយុចន្លោះពី១៤ឆ្នាំ ទៅ១៧ ឆ្នាំ មានឱកាសបានរៀនសូត្រនូវបទពិសោធន៍របស់តំណាងរាស្រ្តស្ត្រី ជាពិសេសទាក់ទងនឹងរបៀបនៃការចូលរួមក្នុងវិស័យនយោបាយ និងការទទួលបានតួនាទីជាអ្នកដឹកនាំ។
ក្នុងឱកាសនោះដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖
ទី១ -មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហានិងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។
ទី២- ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។
ទី៣- ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយនិងតួនាទីដឹកនាំ។

ទី៤-ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។
ទី៥ -ត្រូវលើកកម្ពស់និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print