សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បាននិយាយថារុស្ស៉ីនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរនោះទេ បន្ទាប់ពីលោក ហ្សេលេនស្គី ព្រលយថាអ៊ុយក្រែនគួរតែក្លាយជាសមាជិក NATO ក៏ព្រោះតែទីក្រុងកៀវបានបោះបង់ចោលអាវុធនុយក្លេអ៊ែរបន្សល់ទុកដោយអតីតសហភាពសូវៀត។
បើតាមលោក ពូទីន សកម្មភាពណាមួយរបស់អ៊ុយក្រែន ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ គឺមិនអាចបិទបាំងបាននោះទេ ហើយរុស្ស៉ីត្រូវតែធ្វើការឆ្លើយតបឱ្យបានសមស្រប។ «រុស្ស៉ីនឹងមិន អនុញ្ញាតឱ្យរឿងបែបនេះកើតឡើងជាដាច់ខាត (អ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរ)»។ នេះជាការគូសបញ្ជាក់យ៉ាងខ្លីរបស់លោក ពូទីន ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងមូស្គូ។
ប្រតិកម្មរបស់លោក ពូទីន កើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាលោកផ្ទាល់បានប្រាប់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាអ៊ុយក្រែនត្រូវការអាវុធនុយក្លេអ៊ែរក៏បាន ឬក៏សមាជិកភាព NATO ក៏បានដែរ ដើម្បីសន្តិសុខរបស់ខ្លួន។ ប៉ុន្តែ ខណៈអ៊ុយក្រែនបោះបង់ចោលអាវុធនុយក្លេអ៊ែរបន្សល់ទុក ដោយអតីតសហភាពសូវៀត ការក្លាយជាសមាជិក NATO គឺជាមធ្យោបាយតែមួយគត់ដែលអាចកំញើញរុស្ស៉ី។ ក្រោយការលើកឡើងដូចខាងលើលោក ហ្សេលេនស្គី បានចេញមុខបញ្ជាក់បន្ថែម ឡើងវិញ ដោយនិយាយថាអ៊ុយក្រែនមិនមែនកំពុងត្រៀមលក្ខណៈផលិតអាវុធនុយក្លេអ៊ែរនោះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែនធ្លាប់កាន់កាប់អាវុធនុយក្លេអ៊ែរ នៅបន្ទាប់ពីការរលំរលាយអតីតសហភាពសូវៀត ប៉ុន្តែបានស្ម័គ្រចិត្តប្រគល់អាវុធនុយក្លេអ៊ែរទាំងនោះទៅឱ្យរុស្ស៉ីវិញអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ ជាថ្នូរនឹងការធានាចំពោះបូរណភាពទឹកដីរបស់ខ្លួន៕
រូបថត: AP