សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ យុវជនត្រូវមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គីឯកភាពជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤​ បានអញ្ជើញចូលរួមសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤.៧៤២ នាក់ មកពីគ្រឹះស្ថានឧត្ដមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈកម្មាធិការកណ្តាល, គណៈកម្មាធិការសាខារាជធានីខេត្ត គ្រប់ៗអាណត្តិ, ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហម កម្ពុជា  ដែលតែងតែបាន និងកំពុង បំពេញតួនាទីជាជំនួយការរបស់រាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយមិនប្រកាន់និន្នាការនយោបាយបែងចែកវណ្ណៈ ជាតិសាសន៍ឡើយ។

សម្តេចមហាបវរធិបតីបានលើកឡើងថា ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា អាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤ ។ ហើយដោយសារនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨  ក៏បានផ្តល់ដល់កាកបាទក្រហកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នឱ្យបានរឹងមាំជាជំហានៗ ចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ មកជាសមាគមជាតិមួយ ដែលមានភាពចាស់ទុំ និងម្ចាស់ការបានស្ទើរតែទាំងស្រុង ។ ឆ្លុះបញ្ចាំងពីអ្វីដែលកាកបាទក្រហមកម្ពុជា បានឆ្លងកាត់ក្នុងរយៈពេល ៦៩ឆ្នាំ មកនេះ គឺជាសក្ខីកម្មកាន់តែច្បាស់ថែមទៀតថា សន្តិភាព ជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សជាតិ ។ ក្នុងបរិបទនេះ សម្រាប់យុវជនជំនាន់ក្រោយ ត្រូវយល់ដឹងឱ្យច្បាស់ពីតម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ឱ្យបានឋិតថេរ គង់វង្សយូរអង្វែង ។

មុននិងបញ្ចប់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើឱ្យយុវជនត្រូវបន្តរួមគ្នាក្នុងការបណ្ដុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌ ស្មារតីស្នេហាជាតិ និងមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គីឯកភាពជាតិ ។ ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ បានខិតខំយកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍជាតិ ។ ហើយក្នុងនាមជាយុវជន មិនត្រឹមតែមានចំណេះវិជ្ជាទទួលបានសញ្ញាបត្រ តែមួយមុខនោះទេ គឺថែមទាំងមានទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាននោះគឺ សមត្ថភាព គុណធម៌ ព្រមទាំងសុខភាពល្អ ៕

ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print