ខេត្តកំពង់ស្ពឺ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោករដ្ឋលេខាធិការប្រចាំការ លោក ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយរ៉ាដាថ្មី នៅភូមិសាស្ត្រតំបន់ភ្នំប្រសិទ្ធិ៍ ក្រុងឧដ្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះគឺក្នុងគោលបំណងរកទីតាំងសមស្របមួយសម្រាប់ដំឡើងស្ថានីយរ៉ាដាថ្មីបន្ថែម ដែលនឹងជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real_time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ដើម្បីជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើលើគ្រប់វិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ដែលជាការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញក្រសួងឱ្យធ្វើការសិក្សាបន្ថែមទៀតទៅលើលក្ខណៈបច្ចេកទេសនៅទីតាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពប្រាកដថា ទីតាំងនេះមានសក្តានុពលគ្រប់គ្រាន់សម្រាប់ការសាងសង់ស្ថានីយរ៉ាដា ដែលបម្រើឱ្យការព្យាករកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព៕
ដោយ៖តារា