សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ថ្លែងកោតសរសើរដល់ក្រុមកីឡាករ កីឡាការិនីដែលបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកួតគ្នាដោយមានការយោគយល់ល្អ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤នេះ។

-សម្តេចធិបតី ថ្លែងកោតសរសើរគណៈកម្មការរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតច្រើនជាងនេះថែមទៀត។

-សម្តេចធិបតី ថ្លែងថា ទោះបីជារយៈពេល៣ថ្ងៃមកនេះ សម្តេចមិនបានតាមដានផ្ទាល់ ប៉ុន្តែសម្តេចបានមើលតាមរយៈការ Live ផ្ទាល់ជាប់រហូត។

-សម្តេចធិបតី ថ្លែងថា នៅម៉ោងនេះ កម្ពុជាកំពុងបង្ហាញក្បាច់គុនល្បុកតោកម្ពុជា នៅខេត្តហឺណានប្រទេសចិន ដែលការបង្ហាញនេះ មិនមែនសម្រាប់ដែលក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការរៀបចំការប្រកួតយុទ្ធជននេះ ជាការបង្ហាញក្បាច់គុនសម្បូរបែបរបស់កម្ពុជា។​ សម្តេចធិបតី អំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឲ្យកាន់តែរុងរឿងថែមទៀត។

-សម្តេចធិបតី សង្ឃឹមថា នៅឆ្នាំក្រោយនេះ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះថែមទៀត។

-សម្ដេចធិបតី ថ្លែងថា សម្ដេចមានក្ដីរំភើបស្ទើស្រក់ទឹកភ្នែកក្រោយបានឃើញក្រុមកីឡាករ-កីឡាការិនីបានខិតខំរួមគ្នាបង្កើតគំនិតច្នៃប្រឌិតក្នុងការសម្ដែងគុនខ្មែរចម្រុះដ៏មានភាពទាក់ទាញ ហើយបានប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរជាចំបង។

-សម្ដេចធិបតី​ ថ្លែងថា​ ថ្ងៃនេះល្បុក្កតោរបស់ខ្មែរកំពុងមាន​វត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ ប្រពៃណីខ្មែរកំពុងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។

-សម្ដេចធិបតី ថ្លែង​លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្ដេចធិបតីក៏ជំរុញឱ្យបន្តរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរនេះឱ្យបានទូលំទូលាយឱ្យបានច្រើនថែមទៀត ក្នុងនោះសម្ដេចក៏បានកោតសរសើរ និងគាំទ្រចំពោះពលរដ្ឋខ្មែរដែលបានបង្កើតក្លឹបកីឡាគុនខ្មែរនៅឯប្រទេសអាមេរិកផងដែរ។

សូមបញ្ជាក់ថា​ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print