អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ៨០គ្រួសារ នៅក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋក្រីក្រប្រមាណជា ៨០គ្រួសារ មកពីសង្កាត់ស្រះឫស្សី និងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានទទួលអំណោយកាកបាទក្រហមកម្ពុជា សាខាខេត្តស្ទឹងត្រែង នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ។

សម្ភារៈទទួលបាន រួមមាន ៖ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា), មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនទៀត។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយ នាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា នេះជាសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាសាខាខេត្ត ធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃ របស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។

នៅក្នុងឱកាសចែកស្បៀងសង្រ្គោះបឋមនេះ លោក អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីទាំងអស់។

សូមបញ្ជាក់ថា អំណោយយកមកចែកជូននៅពេលនេះ ជាអំណោយទទួលបានពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print