ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) បន្ទាប់ពីបានការទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីខែមីនា ឆ្នាំ២០២២ កន្លងមក ដោយមានការចូលរួមពីសំណាក់ លោក មហាំម៉ាត់ អិស្មាអេល ដាស់ឡាវី ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រអារ៉ាបីសាអូឌីតប្រចាំនៅកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដោយបានធ្វើការបណ្តុះបណ្តាលស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីឥស្លាមផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតខ្មែរឥស្លាម ដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែពុំមានលទ្ធភាពបន្តការសិក្សា នៅសាកលវិទ្យាល័យ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធីវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ី នៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នដៃគូនៃសាកលវិទ្យាល័យផ្សេងទៀតនៅប្រទេសម៉ាឡេស៊ី។
ឆ្លើយតបនឹងយុគសម័យថ្មីនៃឧស្សាហកម្ម ៤.០ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី១៖ ការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្រសួងអប់រំ យុវជន និងកីទ្បាបាននិងបន្តអនុវត្តកំណែទម្រង់ឧត្តមសិក្សា ដោយផ្តោតលើ៖ (១). ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា (២). ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន (៣). ការធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា (៤). ការផ្តោតលើការពង្រឹងអន្តរភាវូបនីយកម្មនៃការអប់រំឧត្តមសិក្សា (៥). ការផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៦). ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅឧត្តមសិក្សា (៧). ការផ្តោតលើការបង្កើនចំនួននិស្សិតចូលរៀន និងបរិយាបន្ន។
ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា សូមផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកលវិទ្យាល័យ ដូចជា ៖ (១).បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ដោយគិតគូរអំពីការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកាសក្នុងការស្រាវជ្រាវបន្ថែម (២). ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និងឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រនិងការស្រាវជ្រាវ (៣). សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទយុគសម័ឌីជីថល។ ចំពោះសំណើសុំបង្កើតដេប៉ាតឺម៉ង់ថ្មី ជំនាញថ្មី និងថ្នាក់បរិញ្ញាបត្ររង ស្របតាមតម្រូវការទីផ្សារការងារ និងនិស្សិតខ្មែរ ឥស្លាមនៅកម្ពុជា សូមដាក់ពាក្យស្នើសុំ និងបន្តសហការជាមួយនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដើម្បីបំពេញបែបបទ និងទទួលបានការអនុញ្ញាត (៤). ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការសិក្សានៅឧត្តមសិក្សា (៥). ផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុមការងារ ឬការបណ្តុះ ធុរកិច្ចជំនាន់ថ្មី។
ជាថ្មីម្តងទៀត លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសមូលនិធិវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ីនៃប្រទេសអារ៉ាបីសាអូឌីត ដែលបានចូលរួមគាំទ្រដល់ការសិក្សារបស់និស្សិត ក៏ដូចជាចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យានេះឡើងរហូតទទួលបានលទ្ធផលជាទីមោទននាថ្ងៃនេះ ជាពិសេសការចូលរួមអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា និងបានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៣០ និង២០៥០៕
ដោយ ៖ សិលា