ភ្នំពេញ ៖ ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់មានអាការៈមិនស្រួលខ្លួន ក៏បានបញ្ជូនទៅសង្គ្រោះ តែជាអកុសលបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះ កាលពីម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅនៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពបានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជុំ សុខណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទេីបឈប់សំរាកពីការងារ ដោយសារមានផ្ទៃពោះជិតគ្រប់ខែស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកបុរសជាសង្សារឈ្មោះឃាម ពេជ្រ អាយុ២៣ឆ្នាំ ភូមត្រពាំងខ្លី ឃុំត្នោតជុំស្រុកស្រគរ ខេត្តពោធិ៍សាត់។
តាមសម្តីបុរសជាសង្សារ បានឱ្យដឹងថា ពួកគេទាំង២នាក់ បានស្រលាញ់គ្នាជាងមួយឆ្នាំមកហើយ គឺស្រលាញ់ចិត្តនិងចិត្ត និងក្រុមគ្រួសារខាងស្ត្រីជាសង្សារក៏បានដឹងឮខ្លះដែរ តែមិនដឹងថាមានផ្ទៃពោះនោះទេ។
បុរសខាងលើបានបន្ត ឱ្យដឹងបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១២នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ខណៈដែលគាត់កំពុងដេក ស្រាប់តែឮសំឡេងប្រពន្ធ ស្រែកគាត់ក៏ទាញខ្នេីយឱ្យជនរងគ្រោះកេីយ បន្ទាប់មកក៏ស្ងាត់ ដូចជាមានដង្ហើមតិចៗ ។ ភ្លាមៗរូបគាត់ និងអ្នកជិតខាងបន្ទប់ក៏ចង់យកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ភ្លាមៗដែរ ណាមួយជនរងគ្រោះពោះធំ ពិបាកយកចុះក្រោម កាំជណ្តេីរតូចចង្អៀត ទេីបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរបង្អែកពោធិ៍ចិនតុង ដេីម្បីយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ដែរ តែទំរាំរថយន្ដសង្គ្រោះមកដល់អស់រយៈពេលប្រមាណជិតកន្លះម៉ោង ហេីយបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព តែជាអកុសលពេលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនយកទៅសង្រ្គោះបន្ទាន់ ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ទេីបដឹកសពមកកន្លែងកេីតហេតុវិញ រង់ចាំសមត្ថកិច្ចជំនាញចុះពិនិត្យ ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួចបានទាក់ទងទៅសមត្ថកិច្ច នគរបានគរបាលជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ដេីម្បីមកកន្លែងកេីតហេតុ ពិនិត្យសពជនរងគ្រោះ ដោយបញ្ជាក់ថាជនរងគ្រោះ គាំងបេះដូងអាចបណ្ដាលមកពីជម្ងឺបេះដូង ៕ ដោយ៖សុខាសែនជ័យ