លោកឃួង ស្រេង៖ វេទិកាកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺឱ្យថ្នាក់រាជធានីនិងថ្នាក់ជាតិជួយអន្តរាគមន៍លើការងារផ្តល់សេវាផ្សេងៗនៅថ្នាក់ក្រោមជាតិបានលឿននិងឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺធ្វើឡើងដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញនិងថ្នាក់ជាតិជួយអន្តរាគមន៍លើការងារផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិបានលឿន ឆាប់រហ័ស និងបញ្ហាប្រឈមនានាដោះស្រាយបានលឿន វេទិកានេះរាល់៣ឆ្នាំយើងជួបជុំធ្វើម្ដង ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅសណ្ឋាគារសុខាភ្នំពេញ  ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយមាន សមាជិកចូលរួម ថ្នាក់ខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥។ ក្នុងគោលបំណង ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើការផ្តល់សេវាផ្សេងៗនៅថ្នាក់ក្រោមជាតិ មានភាពលឿនឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមនានាបានទាន់ពេលវេលាផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ វេទិកានេះធ្វើឡើងរយៈពេល១ថ្ងៃកន្លះ បានលើកឡើងជាសំណើនិងសំណូមពរជាច្រើន ដូចជាការស្នើសុំផ្សព្វផ្សាយ បណ្តុះ បណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ការស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ការស្នើសុំអោយបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ពន្ធប្រថាប់ត្រាថ្នាក់ទាបនៅត្រឹមខណ្ឌ។ ការស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកម្រិត។ ការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការស្នើសុំកែសម្រួលការចុះបញ្ជីទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើសុំ ការចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ១ដងរួមគ្នា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធរបានលើកឡើងជាសំណើនិងសំណូមពរចំនួន ២៣ ស្មើ៨ប្រធានបទ ក្នុងនោះនៅថ្នាក់សង្កាត់ចំនួន៧ ថ្នាក់ខណ្ឌចំនួន៧និងនៅថ្នាក់មន្ទីរ វិស័យចំនួន៩ ហើយក្នុងចំណោមសំណើនិងសំណូមពរ បញ្ហាប្រឈមទាំងនេះ យើងដោះស្រាយបានចំនួន៩បញ្ហា បញ្ជូនទៅថ្នាក់ជាតិឱ្យជួយដោះស្រាយចំនួន១៣បញ្ហានិង១បញ្ហាទៀតយើងព្យួរទុក នោះគឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការងារនេះយើងរង់ចាំឱ្យសមាគមក្រុមប្រឹក្សា ពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ យើងមិនអាចធ្វើតែឯងនៅរាជធានីភ្នំពេញបានទេ ព្រោះវាក៏ពាក់ព័ន្ធនឹងក្រុមប្រឹក្សានៅខេត្តផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ដែលមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print