ខេត្តស្វាយរៀង: អាជ្ញាធរស្រុក ដឹកក្រុមការងារធ្វើការសម្រុះសម្រួល ហាមឃាត់ សំណង់ផ្ទះល្វែង តំបន់ព្រំដែនកាស៊ីណូសៀងហៃ នៅស្រុកចន្ទ្រា។
ជាក់ស្តែង រសៀល ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៤ លោក ធឿន រដ្ឋា អភិបាលរងស្រុក តំណាង លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើញដឹកនាំក្រុមការងារស្រុក ឃុំធ្វើការសម្រុះសម្រួល ហាមឃាត់ សំណង់ផ្ទះល្វែង តំបន់ព្រំដែនកាស៊ីណូសៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្នុងការ ចុះហាមឃាត់នេះ បានអញ្ជើញចូលរួម លោក មន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីកម្មសំណង់ និងភូមិបាលស្រុក លោក ជំទប់ទី១មេឃុំសំរោង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង លោកមេភូមិចេក និងភាគីពាក់ព័ន្ធ សរុប០៦នាក់ ស្រី ០១នាក់។
ជាលទ្ធផល ក្រុមការងារ បានហាមឃាត់ចំនួន ០៣ ផ្ទះល្វែង ២ល្វែងមិនបានជួបម្ចាស់ផ្ទះ ១ល្វែងបានជួបម្ចាស់ ផ្ទះឈ្មោះ សុត មករា បានធ្វើកិច្ចសន្យា ហាមឃាត់មិនឲ្យធ្វើ សំណង់បន្តទៀត រងចាំសុំច្បាប់ឱ្យបានត្រឹមត្រូវ ម្ចាស់ផ្ទះបានឯកភាព តាមក្រុមការងារ។
លោក អភិបាលរងស្រុក បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឃុំក្នុងស្រុកចន្ទ្រា មិនអនុញ្ញាតឲ្យចាក់ដីខ្ពស់ជាងផ្លូវនោះទេ តាមការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍សារអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង លោក ថន ថាវុទ្ឌា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រាផងដែរ។
ក្នុងឪកាសនោះ លោក ធឿន រដ្ឋា អភិបាលរងស្រុក សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងសង់លំនៅឋាន ឬធ្វើរបង ត្រូវមកសុំច្បាប់ពីអាជ្ញាធរ ជាមុនសិន ចាំសាងសង់ជាក្រោយ៕
ដោយ៖ សុថាន