ក្រសួងការពារជាតិ ៖ ការប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទ ឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ក្រសួងការពារជាតិ ចេញសេចក្តីណែនាំស្តីពី ការប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទ ឱ្យបានត្រឹមត្រូវ ដួចការបញ្ជាក់ដូចខាងក្រោម ៖

– ហាមយកយានយន្តដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ។

– ហាមយកផ្លាកលេខ ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពីប្រភេទយានយន្តដែលបានស្នើសុំ។

– អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ 

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និង ទ័ពជំនាញទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគារព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាល ឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមាន ភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមដាក់ចេញនូវវិធានការកំណត់ក្នុងការប្រើប្រាស់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទដូចខាងក្រោម៖

១- យានយន្តដែលអាចបំពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ រួមមានៈ

– យានយន្តដែលរដ្ឋបំពាក់

– យានយន្តជាជំនួយពីបណ្តាប្រទេសនានា សម្រាប់អង្គភាពកងទ័ព

– យានយន្តជាអំណោយពីសប្បុរសជននានា សម្រាប់អង្គភាពកងទ័ព

– យានយន្តជាកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសារជាថ្មី

– យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ

– យានយន្តដែលបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់ ។

២- នាយទាហានដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវគោរព តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាកំណត់ ។ ក្នុងករណីរំលោភបំពាន ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិវិញ ។

៣- នាយទាហានដែលបានចូលនិវត្តន៍ ពលី មរណៈ និងពិការ ត្រូវអស់កាតព្វកិច្ចប្រើប្រាស់ផ្លាក លេខចរាចរណ៍ខេមរភូមិន្ទ ក្រសួងការពារជាតិវិញ ។ និងត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

៤- នាយទាហានដែលបានប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបម្រាមកំណត់ដូចខាងក្រោមៈ

– ហាមយកយានយន្តដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ ។

ហាមយកផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ ។

– អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។ ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។

ខ្លឹមសារខាងលើ ត្រូវបានអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមបណ្តា ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញ ទាំងអស់ដែលប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print