គ.ជ.ប៖ ចំនួនអ្នកបោះឆ្នោត និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២៤ មានចំនួនជិត១០លាននាក់និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤ ១៩០

ចែករំលែក៖

ភ្នំពេញ ÷លោក យិច សមិទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា  ចំនួនអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ៩ ៩៩២ ៤២១ (ប្រាំបួនលាន ប្រាំបួនរយកៅសិបពីរពាន់ បួនរយម្ភៃមួយ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥ ៣០៤ ៨៥៥ (ប្រាំលានបីរយបួនពាន់ ប្រាំបីរយហាសិបប្រាំ) នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤ ១៩០ (ម្ភៃបួនពាន់មួយរយកៅសិប) ការិយាល័យ។

ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួននិងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាង ត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១១១.៨៨៩ (មួយរយដប់មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំបួន)នាក់។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក យិច សមិទ្ធិ មាន ប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ បានបញ្ចប់ដោយជោគជ័យ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួនក៏ដោយ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មិន ទាន់បញ្ចប់នៅឡើយទេ។ លោកបន្ដថា ការងារដែល គ.ជ.ប ត្រៀមអនុវត្តន៍បន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។ 

លោកគូសបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

លោកយិច សមិទ្ធិ សមាជិក គ.ជ.ប ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតរួច ហើយ សូមទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក បោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទ ផ្សាយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ ឬតាម App ទូរសព្ទដៃ។ ប្រសិនបើរកឃើញថាមានកំហុសឆ្គងសូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់ នៃឃុំ សង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print