អភិបាលខេត្តតាកែវ ស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាសងប្រាក់ត្រលប់ទៅវិញ របស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅក្នុងឱកាសជួបសំណេះសំណាលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញ ក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ សូមបន្តដោះស្រាយក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។

លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងតែមានបញ្ហាហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់ ដែលនាំឱ្យការសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការយឹតយ៉ាវ ដូច្នោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើការសម្របសម្រួលគ្រប់បែបយ៉ាងក្រៅប្រព័ន្ធតុលាការជាមួយភាគីអ្នកខ្ចី ដោយជៀសវាងការដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការបញ្ហានេះ។

លោក អភិបាលខេត្តតាកែវ បានបន្ថែមថា កន្លងមកមានបញ្ហាមួយចំនួន បានកើតឡើងរវាងភាគីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ រហូតមានការបង្ហោះតាមបណ្ដាញសង្គមជាដើម។ ដើម្បីលុបបំបាត់បញ្ហានេះ ភាគីទាំង២ ត្រូវជួបជជែកដោះស្រាយគ្នា និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ទើបបញ្ហានេះមិនអាចទៅដល់តុលាការបាន។

នៅក្នុងឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងសម្រេច ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការខ្ចីប្រាក់ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ថា ពួកគាត់យកលុយទៅប្រកបមុខរបបអ្វី ដើម្បីធ្វើយ៉ាងណាជៀសវាងមានបញ្ហា ពេលដែលសងត្រលប់មកវិញ ហើយមានការប្ដឹងផ្ដល់គ្នាទៅតុលាការដើម្បីដោះស្រាយបញ្ហា។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកអភិបាលខេត្តតាកែវ ភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានយល់ព្រមទៅនឹងសំណើររបស់ លោក អភិបាលខេត្ត ដែលបានស្នើឱ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយប្រជាពលរដ្ឋដែលខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់មកវិញ៕

...

ប្រពភព ៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print