ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសុខសន្តិភាព គឺជាគន្លឹះសំខាន់បំផុតដើម្បីកុំឱ្យកម្ពុជាកូនខ្មែរបែកបាក់គ្នាដូចកាលពីអតីតកាល៕
ករណីមួយទៀតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យជឿតាមញុះញង់របស់មេខ្យល់ថា ចុះឈ្មោះបានដីសម្បទានសង្គមកិច្ច ឱ្យសោះ។
ករណីនេះដែរ សម្តេចមហាបវរធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់នោះ ដើម្បីអនុវត្តច្បាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រកាស រឿងដីសម្បទានសង្គមកិច្ច ក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្តើមពីដើមឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញ មានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាទៅបំផុស ដើម្បីយកដីសម្បទានទេ។ បើចុះឈ្មោះ ត្រូវតាមយន្តការរដ្ឋ។ កន្លងទៅ យើងមានយន្តការដីសម្បទានចុះឈ្មោះតាមអាជ្ញាធរ ក្រៅពីហ្នឹង ក្រោយពីគណៈកម្មការបង្កើត យើងមានការផ្សព្វផ្សាយច្បាស់លាស់»។
សូមជម្រាបថា ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឲ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ រដ្ឋបានអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ចជាប់ជាប្រចាំ ៕
ដោយ ៖ សិលា