សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ថ្ងៃទី២៣ តុលា ១៩៩១ គឺជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាយើង បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចទទួលបានសន្តិភាពពេញលេញនោះទេ ដោយសារនៅតែមានការវាយប្រយុទ្ធគ្នាបង្កអសន្តិសុខសង្គមដដែល។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ៊ុនតាក់ ចំណាយលុយរាប់ពាន់លានដុល្លារ ប៉ុន្តែនៅតែមិនអាចស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាបានដដែល គឺទើបតែចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ទើបប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញមក ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កំពុងតែទទួលបានផ្លែផ្កាពីសុខសន្តិភាពនេះ និងសម្រាប់ខ្មែរគ្រប់ជំនាន់តទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងប្រឆាំងចំពោះអ្នកដែលចង់បំផ្លាញសន្តិភាពរបស់យើង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត នៅក្រោយពេលដែរ ដើមឈើសន្តិភាពមួយនេះត្រូវបានដូនតាយើងខំប្រឹងប្រែងណាស់ ប៉ុន្តែតែងតែមានអ្នកដុត ដង្កូវព្យាយាមស៊ី និងបំផ្លាញរហូតមក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចការនេះ គឺយើងត្រូវធ្វើយ៉ាងណាដើម្បីធានានូវកត្តាបុរេសកម្មដើម្បីអភិវវឌ្ឍន៍ គឺសន្តិភាពនេះឯង។ ការបំផុសរឿង CLV-DTA នេះគឺជាផ្នែកមួយនៃការធ្វើឱ្យបែកបាក់សាមគ្គីជាតិ តាមរយៈការមិនទុកចិត្តគ្នាដែលជាគ្រោះថ្នាក់ធំ។ ខ្ញុំសូមនិយាយអំពីកត្តាសន្តិភាព និងផ្លែផ្កាសន្តិភាពសន្តិភាពហាក់ដូចជាដើមឈើ ផ្លែផ្កានៃសន្តិភាពគឺជាផលដែលយើងទទួលបាន ៥០០ឆ្នាំហើយដែលបុព្វបុរសយើងខំដាំដើមឈើសន្តិភាព តែដាំដុត ដាំដុត ដាំបង្កូវស៊ីអស់ អត់បានផ្លែអត់បានអីឱ្យប្រជាពលរដ្ឋទេ ទើបតែឆ្នាំ៩៨ទេ ដែលដាំដើមនេះរស់ ហើយមានចីរភាព មាននិរន្តរភាព។ ម្សិលមិញថ្ងៃ២៣តុលា ខួប៣៣ឆ្នាំ ២៣តុលា ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពដេលថ្នាក់ដឹកនាំយើង ទាំងសម្ដេចព្រះបរមរតនកោដ ព្រះបាទនរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន គ្រប់ភាគីបានចុះកិច្ចព្រមព្រៀងដើម្បីឆ្ពោះទៅរកការកសាងដាំដើមឈើសន្តិភាព នាពេលនោះ, UN ចំណាយជាង១ពាន់លាន អស់រាប់ពាន់លានដុល្លារ ដើម្បីបញ្ចប់សង្រ្គាម តែដាំដើមឈើសន្តិភាពមួយនោះមិនបានដុះពេញលេញទេ យើងនៅវាយគ្នារហូតដល់ឆ្នាំ១៩៩៨ ទើបដើមឈើនោះចាប់ផ្ដើមអស់ដង្កូវឌួង ចាប់ផ្ដើមផ្ដល់នូវផ្លែផ្កាខ្លះ សម្រាប់យើង ប្រជាជនយើង បានទទួលផល ដូចជាខេត្តនៅទិសឦសាន្ត ដោយសារបានឈប់បាញ់ ឈប់វាយគ្នា ប្រទាក់ក្រឡាគ្នាឡើងវិញ បានយើងអភិវឌ្ឍន៍២៥ឆ្នាំនេះបានរីកចម្រើនខ្លះ។ អីចឹងហៅថាផ្លែផ្កាសន្តិភាពដែលយើងទទួលបាន ថ្នាក់ដឹកនាំខិតខំពុះពារ យោធិន នាយទាហាន ពលទាហាន កងកម្លាំងយើងពលីច្រើនណាស់នៅលើសមរភូមិ ដើម្បីដាំនូវដើមសន្តិភាពមួយនេះ អ្នកដែលទទួលបានផ្លែផ្កានៃសន្តិភាពនេះ គឺយើង អ្នកដែលកំពុងរស់បច្ចុប្បន្ន បូកនិងកូនចៅយើងរាប់រយឆ្នាំតទៅមុខទៀត។ អីចឹងត្រូវរួមគ្នាយើងមិចការពារដើមឈើសន្តិភាពមួយនេះ កុំឱ្យដង្កូវស៊ីសម្លាប់ដើមសន្តិភាពនេះបាន យើងត្រូវរួមគ្នាថែរក្សាដើមនេះឱ្យបាន។ អ្នកចង់ទៅដុត ទៅកាប់មែក សុំទប់កុំឱ្យធ្វើ ធ្វើយ៉ាងណាដើមនេះអាចដុះបានទាល់តែខ្មែរយើងឯកភាព សាមគ្គីគ្នា រួមគ្នាថែរក្សាទើបបានផ្លែផ្កាជានិរន្ត។
ជាមួយគ្នានេះសម្ដេចមហាបវរធិបតី បានបន្ថែមថា៖ «កម្ពុជាអត់មានធ្វើដើម្បីរណបនរណាគេទេ កម្ពុជារដ្ឋឯករាជ្យ អធិបតេយ្យ ប្រជាជនយើង១៧លាននាក់ ចេញពីអាពតសលតែ៥លាន ប្រហែលជា១០ឆ្នាំទៀតអាចឡើងដល់២០ ទៅ២០លានជាងបើអ្នកមណ្ឌលគិរី កាន់តែមានកូនច្រើនអាចអាចកាន់តែកើនថែមទៀត។ ដីខ្មែរ ប្រជាជនខ្មែររស់នៅបង្កើតកូនឱ្យច្រើនកសាងសេដ្ឋកិច្ច កសាងលក្ខខណ្ឌអំណោយទានឱ្យប្រជាពលរដ្ឋយើងកាន់តែរីកចម្រើន និងហើយគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំ ហើយអាណត្តិទី៧នេះយើងនៅបន្តធ្វើយ៉ាងណា ឱ្យប្រជាជនខ្មែរ របស់យើងនៅគ្រប់គ្រកន្លែងរួមទាំងនៅខេត្តឦសាន្តរបស់យើងកាន់តែរីកចម្រើនធំធាត់គ្រប់វិស័យទាំងអស់មិនថា សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ឬពាណិជ្ជកម្ម ត្រូវតែរីកចម្រើនរឹងមាំ វិនិយោគទៅលើសុខាភិបាល អប់រំនៅតែបន្តដើម្បីឱ្យកូនខ្មែរកាន់តែខ្លាំង នេះគឺជាគោលដៅ និងការផប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរបស់យើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ឆ្នាំក្រោយរាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ ជំរុញការអភិវឌ្ឍន៍ វិនិយោគនៅភូមិភាគឦសាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print