ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ ក្រោយពីការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ គឺប្រទេសយើងរួមគ្នា ដោយគោលនយោបាយថ្មីភ្លាម ដែលត្រូវដាក់ចេញនៅពេលនោះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន ៣ធំៗ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កិច្ចការធំៗទាំង ៣នោះរួមមាន៖
១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់សាមគ្គីចេញទៅវៃប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន
២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ
៣. ការដាក់ចេញគោលនយោបាយអភិវឌ្ឍ ន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបានដាក់ចេញ ៥ឆ្នាំម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅចំណុចទី៣ នេះពិតជាសំខាន់ណាស់ គឺការថែរក្សា សុខសន្តិភាព ជាគន្លឹះទុកចិត្តគ្នាកុំឱ្យបែកបាក់សាមគ្គីគ្នា។ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជាតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំនិយាយពីដើមទីរួចមកហើយ តាំងពីដើមអាណត្តិមក គោលនយោបាយល្អឥតខ្ចោះវាអត់សំខាន់នោះទេ វាល្អបានត្រឹម ៤០ ទៅ ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកត្តាកំណត់នៃភាពជោគជ័យនោះគឺលទ្ធផលជាក់ស្តែងនៅលើដី ហើសមិទ្ធផលដែលធ្វើហើយនោះគឺបានផ្តល់ផលប្រយោជន៍ជាក់ស្តែងឱ្យប្រជាពលរដ្ឋ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែនៅរូបភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើដីសម្រាប់ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ជាក់ស្តែងដូចជាការសម្ពោធ ទំនប់អូរតេធិបតីនេះជាដើម ហើយនេះគឺជាអ្វីដែលយើងត្រូវតែខិតខំជម្រុញបន្តទៅមុខទៀត ដែលជាលទ្ធផលនៅលើដី សម្រាប់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាក់ស្តែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ មិនមែន តែមួយវិស័យនោះទេ ហើយក៏មិនអាចដោះស្រាយ ដោយជប់មួយថ្ងៃបានចេញទាំងអស់នោះដែរ គឺយើងត្រូវធ្វើការជាជំហាន។ សម្តេចបានបញ្ជាក់ថាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ គឺជារយៈពេលដែលយើងបានដើរទៅមុខជានិច្ច ក្រោយពីកម្ពុជាបានចប់សង្គ្រាម ដែលបានដើរតាំងពីមិនសូវមានមនុស្ស មកមានមនុស្ស តាំងពីមិនសូវមានផ្លូវតភ្ជាប់ មកជាមានផ្លូវតភ្ជាប់ រហូតមានដល់មត្តេយ្យសិក្សា មធ្យមសិក្សា សាលាឧត្តមសិក្សា មានមណ្ឌលសុខភាព ពង្រាយតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើបន្ថែមទៀតផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទោះបីជាសមិទ្ធផលទាំងនេះនៅមិនគ្រប់សម្រាប់ប្រជាពលរដ្ឋ តែយើងគឺត្រូវតែទទួលស្គាល់នូវការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយបើទោះបីជាសមិទ្ធផលទាំងនោះមិនអាចគ្រប់តម្រូវការ តែរាជរដ្ឋាភិបាលក៏មិនបាននៅស្ងៀមនោះដែរ គឺបានបន្តធ្វើនឹងដោះស្រាយនៅគ្រប់វិស័យទាំងអស់ជូនប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា