ភ្នំពេញ៖ វីឡាមួយកន្លែងស្ថិតនៅបុរីវីឡាទួលសង្កែក្បែរក្លិបវាយកូនហ្គោលត្រូវបានអគ្គិភ័យឆាប់ចេះផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចវីឡាលេខJ.៤៥ ក្នុងបុរីវីឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីវិឡាមួយកន្លែងខាងលើដែលម្ចាស់ផ្ទះចាក់សោទុកចោល ដោយផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាងហើយទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ដែលនៅក្នុងនោះរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿងនិងរថយន្តរបស់សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺផ្ទះវិឡាកូនកាត់ ទំហំ (៦ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតពិតានជាន់ផ្ទាល់ដីអស់៥០% តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យធ្វើការបាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃដដែល។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងវីឡាខាងលើរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិនការកើតមានអគ្គិភ័យនេះនគរបាលមានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលដែលម្ចាស់ផ្ទះចាក់សោទុកចោល៕ដោយ ៖ ភារ៉ា ដង្កោ