សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរនៅប្រទេសហ្វីលីពីន បានឱ្យដឹងនាថ្ងៃសុក្រនេះថា ស្របពេលដែលព្យុះត្រពិក Trami បានបោកបក់ផុតចេញទៅដល់សមុទ្រវិញហើយនោះ វាបានផ្តាច់ជីវិតមនុស្ស សរុបយ៉ាងហោច៤០នាក់។
ទោះជាបែបនេះក្តី មនុស្សជាច្រើននាក់ នៅបន្តព្រាត់ប្រាសពីលំនៅដ្ឋាន ក្រោយរត់ភៀសខ្លួនពីទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Trami ហើយជាច្រើននាក់ផ្សេងទៀត នៅជាប់លើដំបូលផ្ទះពួកគេ និងស្នើសុំការជួយសង្រ្គោះ។ បើគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ មនុស្សសរុប១៩៣,០០០នាក់ ត្រូវបានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព ដើម្បីគេចពីគ្រោះទឹកជំនន់។ មកទល់នឹងថ្ងៃសុក្រនេះ ការិយាល័យរដ្ឋាភិបាល ព្រមទាំងសាលារៀន នៅបន្តបិទទ្វារនៅឡើយ ទូទាំងកោះ Luzon។
ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយ ដែលជាធម្មតាទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ ហើយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលជារឿយៗបណ្តាលឱ្យមានមនុស្សស្លាប់៕
រូបថត:EPA