ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងធានាដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាបន្តនិរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់២ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។
ឆ្នាំ២០២៣ ជាឆ្នាំពិសេស ពោលគឺជាឆ្នាំអន្តរកាលនៃការផ្លាស់ប្តូររាជរដ្ឋាភិបាលពីនីតិកាលទី៦ មកនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបោះឆ្នោតសកលដែលបានរៀបចំឡើងឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងទទួលយកបានជាអន្តរជាតិ និងជាឆ្នាំអន្តរកាលនៃការអនុវត្ត “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” ដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីសម្រេចលទ្ធផលដ៏ជោគជ័យក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ មកកាន់ការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាឆ្នាំដំបូង និងដំណាក់កាលដំបូង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នៅឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងភាពមិនប្រាកដប្រជានៃបរិការណ៍សកល និងតំបន់។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ២ ៣៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ២ ៥២០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់ ២,១%។ សេចក្តីព្រាងច្បាប់នេះបង្ហាញថា នៅឆ្នាំ២០២៣ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៨ ៧០១ ៩៧៦,៥លានរៀល ស្មើនឹង ២១,៨៦% នៃ ផ.ស.ស. ហើយស្មើនឹង ៩៥,៥% នៃច្បាប់ហិរញ្ញវត្ថុ។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២៣ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានចំនួន ៣៨ ៣៥៥ ៥០៣,១លានរៀល ស្មើនឹង ២១,៦៧% នៃ ផ.ស.ស. ស្មើនឹង ៩១,៨% នៃច្បាប់ហិរញ្ញវត្ថុ៕
ដោយ៖តារា