ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានស្លាប់ ក្រោយបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ និងរួមដំណើររងរបួស ដោយសារតែរថយន្តធុនធំ ១គ្រឿងម៉ាក់ SCANNA បើកបរមិនប្រកាន់ស្តាំនិងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង ១៩ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤នៅលើកំណាត់ផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣ -១៩៤ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយរថយន្ដ១ គ្រឿងម៉ាក SCANNA ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9292 និង សឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-4142 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះ ទៅ រាជធានីភ្នំពេញ (មិនប្រកាន់ស្ដាំ) និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។
លុះមកដល់ចំណុចកើតហេតុខាងលេី រថយន្តបត់ស្ដាំត្រលប់ក្រោយ ស្របពេលនោះដែរមានម៉ូតូ ១ គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1H-7919 ដែលមានទិសដៅចេញពីខេត្តព្រះសីហនុ (ស្របទិសគ្នាជាមួយរថយន្ត)បើកបរដោយឈ្មោះ ទី មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិទួលទទឹង ៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងបើកបរនៅលើចំណីផ្លូវខាងស្ដាំរបស់ខ្លួន បានបុករថយន្ដចំពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមានមនុស្សរងរបួស១ នាក់៖ -ឈ្មោះ ទី មករា ភេទ ប្រុស អ្នកបើកបរម៉ូតូ HONDA DREAM (រងរបួសធ្ងន់) ក្រោយមកបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន វត្ថុតាង (រថយន្ដនិងម៉ូតូ) ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុ៕