ចិន កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា បានថ្កោលទោសការអនុម័តគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ ដោយសន្យាថានឹងចាត់វិធានការចាំបាច់នានា ដើម្បីបញ្ជាក់ពី អធិបតេយ្យលើតៃវ៉ាន់ ដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៥ ខែតុលា បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តគម្រោងលក់សព្វាវុធ ដែលរួមមានមីស៉ីល និងប្រព័ន្ធរ៉ាដាឱ្យទៅតៃវ៉ាន់ ក្នុងតម្លៃសរុបប្រមាណ ២ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងអាវុធនេះនឹងត្រូវបញ្ជូនទៅឱ្យសភាអាមេរិកបោះឆ្នោតអនុម័ត។ ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃសៅរ៍នោះដែរ បានបង្ហាញការអរគុណជាខ្លាំងសម្រាប់ ការអនុម័តគម្រោងលក់អាវុធនេះ ជាមួយការបញ្ជាក់ថាវានឹងជួយពង្រឹង និងធ្វើឱ្យសមត្ថភាពយោធារបស់តៃវ៉ាន់កាន់តែល្អប្រសើរឡើង ក៏ដូចជាការចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។
ក៏ប៉ុន្តែ ចិនតាមរយៈក្រសួងការបរទេស បានថ្កោលទោសយ៉ាងខ្លាំងចំពោះគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់។ ចិនបានចាត់ទុកថាការលក់អាវុធនេះជាទង្វើបំពានលើអធិតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន ព្រមទាំងបំផ្លាញបង្កការខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ហើយក៏បំផ្លាញផងដែរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រ តៃវ៉ាន់។ ក្រសួងការបរទេសចិនបន្ថែមទៀតថាខ្លួនបានដាក់កំណត់ទូតតវ៉ាទៅកាន់តំណាងសហរដ្ឋអាមេរិក ហើយថានឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យជាតិ សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា ចិនបានបង្កើនការដាក់សម្ពាធផ្នែកយោធាជាខ្លាំង ប្រឆាំងនឹងតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធ ក្នុងទ្រង់ទ្រាយធំសាជាថ្មីម្តងទៀត នៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ដែលជាលើកទី២ គិតចាប់តាំងពីលោក Lai Ching-te ដែលចិនចាត់ទុកថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ បានក្លាយជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីខែឧសភា ឆ្នាំនេះ។ ជាក់ស្ដែង កាលពីដើម ខែតុលានេះ តៃវ៉ាន់បានរាយការណ៍ថាយន្ដហោះយោធាចិន ១៥៣គ្រឿង បានធ្វើសកម្មភាពហោះហើរនៅជុំវិញដែនកោះរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕
រូបថត: Reuters