ភ្នំពេញៈ បង្គោលភ្លើងចំនួនបីទីតាំងផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកងត្រូវបានឆ្លងចរន្តឆេះចេញជាផ្កាភ្លើងសន្ធោរសន្ធៅផ្អេីលពលរដ្ឋនិងក្រុមរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២នៅ០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៩៥ និងផ្លូវលូ១០៥ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ ដោយមានភ្លៀងធ្លាក់មួយមេស្របពេលដែលមេឃរលឹមស្រិចៗក៏ស្រាប់តែមានឮសូរសំឡេងផ្ទុះ ហើយពួកគាត់ចេញមកមើលក៏ស្រាប់តែឃើញបង្គោល ទល់មុខប៉ុស្តិ៍នគរបាលបឹងកេងកង២ នៅផ្លូវ៩៥ ឆាបឆេះចេញជាផ្កាភ្លើងសន្ធោរសន្ធៅចំនួនពីរកន្លែងជាប់គ្នាពេលនោះផងដែរ ហើយឃើញស្ថានភាពបែបនេះហេីយបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ក៏ស្រាប់តែមានមួយករណីទៀត ទុស្សេឆាប់ឆេះខ្លាំងដូចគ្នា គឺនៅចំណុចផ្លូវលូ១០៥ ជិតនិងវិទ្យាល័យយុគន្ធរក្នុងមូលដ្ឋាននៅបឹងកេងកង២ ដូចគ្នាទើបពលរដ្ឋរាយការណ៍ជូនទៅដល់ខាងកម្លាំងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញចំនួនពីរគ្រឿងដោយមួយគ្រឿងមកធ្វើការបាញ់ពន្លត់នូវផ្លូ៩៥ និងមួយគ្រឿងទៀតទៅធ្វើការបាញ់ពន្លត់នៅផ្លូវលូ១០៥ រហូតដល់ម៉ោង ១២និង៣០ថ្ងៃដដែល ទេីបធ្វើឱ្យភ្លេីងរលត់ទៅវិញជាស្ថាពរផងដែរ ។
ក្នុងហេតុការណ៍នេះដែរសមត្ថកិច្ចបានឱ្យដឹងថាគឺមិនបង្កឲ្យមានការរីករាលដាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឬក៏មានមនុស្សគ្រោះថ្នាក់នោះទេគឺគ្រាន់តែខូចខាតខ្សែភ្លើងនិងខ្សែអុបទិកនិងប្រអប់ភ្លើងអស់មួយចំនួនធំតែប៉ុណ្ណោះ ៕