កម្ពុជារំពឹងនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន នៅឆ្នាំក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជារំពឹងនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៥ ខណៈដែលបច្ចុប្បន្ន ការចរចារឈានដល់ដំណាក់កាលចុងក្រោយហើយ នេះបើតាមការឱ្យដឹងពី លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា ឆ្នាំ២០២៤» កាលពីពេលថ្មីៗនេះ។

« អគ្គនាយកដ្ឋានកសិកម្ម ក៏កំពុងរៀបចំពិធីសារសម្រាប់ផ្លែទុរេន ដោយសង្ឃឹមថា អាចនាំចេញបាននៅឆ្នាំក្រោយ…»។

ជុំវិញដំណឹងនេះ ត្រូវបានមន្ត្រីរាជបណ្ឌិតសភាកម្ពុជា និងអ្នកតាមដានសង្គមបង្ហាញការសាទរ។

លោក យឹម អធិស័ក អ្នកតាមដានសង្គមបានប្រាប់ នៅថ្ងៃទី២៨ ខែតុលាថា « ប៉ុន្មានឆ្នាំ មកនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើន ទៅកាន់ប្រទេសចិន ដូចជា អង្ករ មៀនប៉ៃលិន ដំឡូងមី ពោត ស្វាយកែវរមៀត និងចេកអំបូងលឿង ជាដើម។ លោកថា ទុរេនគឺជាផលិតកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដូច្នេះ ការណ៍នេះ បង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត ក្នុងនាមជាប្រទេសដែលមានសហគមជោគវាសនារួម និងជាប្រទេសដែលរួមរស់ តាមបណ្តោយទន្លេមេគង្គរួមគ្នាផងដែរ។

«ក៏ជាការកំណត់ឲ្យឃើញថា កម្ពុជាបានខិតខំបន្តគោលនយោបាយការបរទេសរវាងកម្ពុជា និងចិន ប្រកបដោយសក្តានុពល»។  

រីឯ លោកស្រីបណ្ឌិត ជា វណ្ណី មន្ត្រីជំនាញជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា បានអរគុណដល់រដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ក្នុងការបន្តធ្វើជាទីផ្សារកាន់តែច្រើន សម្រាប់ផលិតកសិកម្មរបស់កម្ពុជា បង្ហាញថា ជាការជួយគ្នា ក្នុងជាមិត្តភាព ភារតភាព។ លោកស្រីបន្តថា ចិនមានប្រជាជនច្រើន ដូច្នេះ នៅពេលចិនបើកទីផ្សារសម្រាប់កសិផលកម្ពុជា គឺជាភាពប្រសើរខ្លាំង សម្រាប់កសិករ ហើយកសិករខ្មែរនឹងខិតខំដាំដុះ បំពេញតាមតម្រូវការរបស់ចិន។

«ជួយលើកទឹកចិត្តកសិករយើង ដូច្នេះ ពេលយើងមានទីផ្សាជាមួយចិន ឱកាសបញ្ចេញ កាន់តែច្រើន ការយកចិត្តទុកដាក់បង្កើនគុណភាព គឺត្រូវបង្កើន ដើម្បីប្រកួតប្រជែងទីផ្សារ»។

បើតាម ឯកឧត្តម ងិន ឆាយ ក្រៅពីការចាប់ទីផ្សារផ្លែទុរេន ទឹកមាត់ត្រចៀកកាំ ក៏គ្រោងនឹងទៅប្រទេសចិន នៅឆ្នាំក្រោយនេះផងដែរ។ 

 

«ក្រសួងកសិកម្ម កំពុងតែចរចារដំណាក់ចុងក្រោយ លើការនាំចេញទឹកមាត់ត្រចៀកកាំទៅចិន…»

លោកថា ទាំងទុរេន និងទឹកមាត់ត្រចៀកកាំ នឹងរួមចំណែកផ្ដល់តម្លៃបន្ថែមខ្ពស់ដល់កសិករ និងចំណូល នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានទទូចដល់កសិករ និងក្រុមហ៊ុនកែច្នៃទាំងអស់ ត្រៀមខ្លួនរៀបចំផលិតកម្ម និងដំណាំឱ្យស្របតាមស្ដង់ដាកសិកម្មល្អ ឬ ហៅថា GAP និងលក្ខខណ្ឌតម្រូវមួយចំនួនរបស់ប្រទេសចិន៕  

(រូបភាព៖ Xinhua) ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print