ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Let’s ពណ៌ស ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច នៅចំណុច ផ្លូវ១៣៨ ក្បែររបងពេទ្យ លោកសង្ឃ សង្កាត់ទឹកល្អក់០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានភ្ជាប់ជាមួយសម្ភារៈមួយចំនួន រួមទាំងទូរស័ព្ទ ០១គ្រឿង ម៉ាក អាយហ្វូន ១៥ ប្រូម៉េក ក្នុងកាបូបផងដែរ។ ភ្លាមៗ ជនរងគ្រោះ បានផ្ដល់ព័ត៌មានមកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោងប្រមាណ ១៤និង៤០នាទី សមត្ថកិច្ចអាវុធហត្ថបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្តាប់ចម្លើយអំពីរឿងហេតុតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ខ្សែក នៅចំណុចផ្លូវ វ៉េងស្រេង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន រួចបញ្ជូនទៅមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ម្តងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖តារា