ក្រុមខ្លាំងនៅអ៊ីតាលី Napoli បានវ៉ាដាច់៧ពិន្ទុដាច់លើកំពូលតារាង Serie A ជាមួយនឹងការទទួលជ័យជម្នះ ២-០ នៅលើទឹកដី AC Milan កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលានេះ។ អតីតខ្សែប្រយុទ្ធក្រុម Inter Milan កីឡាករ Romelu Lukaku បានរកគ្រាប់បាល់នាំមុខតាំងពីនាទីទី៥នៅកីឡដ្ឋាន San Siro ដោយបើកការស៊ុតបញ្ចូលទីយ៉ាងល្អ។
ទោះបីជាមានការវាយបកពីក្រុមម្ចាស់ AC Milan ក៏ដោយ ក៏អ្នកចាំទី Alex Meret របស់ Napoli បានរារាំងការស៊ុតជាច្រើនលើក ហើយកីឡាករ Khvicha Kvaratskhelia របស់ Napoli បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតនៅចុងតង់ទី១ នាទីទី៤៣។
ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមប្រកួតនៅតង់ទី២ ក្រុមម្ចាស់ផ្ទះហាក់ដូចជាដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវតាមរយៈកីឡាករ Alvaro Morata ប៉ុន្តែការតែតបាល់បញ្ចូលទីរបស់គាត់ត្រូវបានច្រានចោលសម្រាប់បាល់ offside។
ជ័យជំនះនាំក្រុមរបស់លោក Antonio Conte មាន២៥ពិន្ទុ នាំមុខក្រុមលេខ២ Inter Milan ចំនួន៧ពិន្ទុ ខណៈការបរាជ័យជាលើកទី៣នៃរដូវកាលនេះ ធ្វើឲ្យ AC Milan ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ដោយចាញ់១១ពិន្ទុដាច់ពីក្រុមកំពូលតារាង។
បន្ទាប់ពីការប្រកួតបើកឆាកដ៏អាម៉ាស់ក្នុងលទ្ធផល ៣-០ នៅក្រៅដីក្រុម Verona ក្នុងការប្រកួតដំបូងរបស់គាត់ លោក Conte បាននិយាយថា ក្រុម Napoli របស់គាត់នៅតែមានឱកាសល្អសម្រាប់ស្តារមុខមាត់។ អ្នកគាំទ្រ Napoli ជាច្រើនប្រហែលជាមានការភ័យខ្លាចថា ក្រុមរបស់ពួកគេនឹងបន្តទម្រង់លេងមិនល្អរបស់ពួកគេចាប់ពីយុទ្ធនាការឆ្នាំ២០២៣-២០២៤ ដែលក្នុងនាមក្រុមជើងឯក ពួកគេបានបញ្ចប់៣៩ពិន្ទុពីកំពូលតារាង ប៉ុន្តែការប្រែប្រួលចាប់តាំងពីថ្ងៃប្រកួតដំបូងធ្វើឲ្យក្រុមមួយនេះបន្តឈ្នះរហូតឈរកំពូលតារាងវិញ។
បច្ចុប្បន្នក្រុមរបស់លោក Conte មិនដែលចាញ់សោះក្នុង៩ប្រកួត ឈ្នះ៨ និងស្មើ១ ស៊ុតបាល់បាន១៨គ្រាប់ និងរបូតវិញតែ២គ្រាប់។ ពួកគេបានទម្លាក់ពិន្ទុតែម្តងគត់ក្នុងការប្រកួតនោះស្មើ 0-0 នៅក្រៅផ្ទះជាមួយ Juventus នៅពាក់កណ្តាលខែកញ្ញា។
នោះគឺជា Clean Sheet មួយក្នុងចំនោម៨ប្រកួតក្នុង១០ប្រកួតនៅរដូវកាលនេះ ដោយចុងក្រោយបំផុតកាលពីយប់ថ្ងៃអង្គារត្រូវបានសង្គ្រោះចំនួន៥គ្រាប់ពីអ្នកចាំទី Meret និងជាច្រើនគ្រាប់ពីពាក់កណ្តាលតង់ Amir Rrahmani និង Alessandro Buongiorno ។
ចំណែកក្រុម AC Milan បានធ្លាក់ចេញកាន់តែឆ្ងាយពីកំពូលតារាង Serie A បន្ទាប់ពីចាញ់ក្រុម Napoli ពេលនេះ ប៉ុន្តែអ្នកចាត់ការលោក Paulo Fonseca ជឿជាក់ថា ការឈ្នះពានគឺនៅតែមានលទ្ធភាព។ ការចាញ់របស់ AC Milan គឺជាការបរាជ័យក្នុងលីកជាលើកទី៣របស់ពួកគេក្នុងរដូវកាលនេះ ធ្វើឱ្យពួកគេលេងតាមពីក្រោយមិនត្រឹមតែក្រុមអ្នករត់ប្រណាំងប៉ុណ្ណោះទេ ថែមទាំងគូប្រជែងដណ្តើមពានរង្វាន់សំខាន់ផ្សេងទៀតរបស់ពួកគេគឺ Inter Milan និង Juventus ផងដែរ។
លោក Fonseca ត្រូវបានគេសួរថា តើ AC Milan នៅតែជាគូប្រជែងពានរដូវកាលនេះឬទេ? គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះច្បាស់ជាមិនចុះចាញ់នៅដំណាក់កាលនៃរដូវកាលនេះទេ ដោយ AC Milan នៅតែមានក្តីសង្ឃឹមជានិច្ច។ លោក Fonseca បាននិយាយថា “ខ្ញុំមិនអាចនិយាយផ្ទុយបានទេ ជាពិសេសការមើលឃើញពីរបៀបដែលយើងលេង របៀបដែលក្រុមឆ្លើយតបទៅនឹងពេលវេលាដ៏លំបាក និងរបៀបដែលវាបង្ហាញពីការរួបរួម ទោះបីជាមិនមានកីឡាករសំខាន់ៗក៏ដោយ។ គ្មានក្រុមណាឈ្នះលីគទេបន្ទាប់ពី៩ប្រកួត ហើយគ្មាននរណាម្នាក់ចាញ់វាបន្ទាប់ពី៩ប្រកួតនោះទេ សម្រាប់ហេតុផលនេះ យើងត្រូវបន្តនៅលើផ្លូវនៃការរីកចម្រើន។ ច្បាស់ណាស់ថា យើងនឹងត្រូវការលទ្ធផលដើម្បីចូលទៅក្នុងការប្រកួតនេះ”។
គ្រូបង្វឹករូបនេះបានស្តីបន្ទោសចំពោះការចាញ់ចុងក្រោយនេះ ប៉ុន្តែសប្បាយចិត្តជាមួយនឹងរបៀបដែលក្រុមរបស់គាត់ឆ្លើយតបបន្ទាប់ពីបានស៊ុតបញ្ចូលទីនៅដើមពេលដែល Romelu Lukaku បើកការស៊ុតបញ្ចូលទី។
លោក Fonseca បាននិយាយថា “ខ្ញុំតែងតែទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទីលាន ហើយម្តងទៀតខ្ញុំទទួលខុសត្រូវនេះ។ វាមិនងាយស្រួលទេក្នុងការចាប់ផ្តើមការប្រកួតជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Napoli ក្រោយរយៈពេល៥នាទី ប៉ុន្តែប្រសិនបើយើងមើលលទ្ធផល ពួកគេស៊ុតបាន២គ្រាប់ ហើយយើងបានបង្កើតឱកាស។ ក្រុមមានប្រតិកម្មល្អនៅដើមការប្រកួត យើងលេងបាល់ទាត់ប្រកបដោយគុណភាព វាមិនងាយស្រួលទេពេលប៉ះក្រុម Napoli ដែល ការពារច្រើននៅតំបន់ពិន័យ” ៕ (រូបភាព ៖ BBC/Reuters)