ភ្នំពេញ ៖ ជាការពិត សោកនាដកម្មនៃសង្គ្រាម បាននាំឱ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពអពមង្គលនៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាឃាតករដ៏ឃោរឃៅយង់ឃ្នង កាប់សម្លាប់ បំផ្លិចបំផ្លាញកម្ទេចចោលអស់នូវអ្វីៗដែលជាអត្តសញ្ញាណជាតិ អ្វីជាសមិទ្ធផលដែលបុព្វបុរសយើងបានខំកសាងបន្សល់ដោយញើសឈាម។
ក្រោយឆ្លងកាត់សង្គ្រាម អស្ថិរភាព និងរបបប្រល័យពូជសាសន៍ កម្ពុជាទំរាំបានស្គាល់រសជាតិសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺពុំមែនជារឿងងាយស្រួលនោះទេ។ សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពបានផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាឡើងវិញ ដែលពុំធ្លាប់មានជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនសូវយល់ច្បាស់ ពីតម្លៃនៃសន្តិភាពនោះឡើយ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថាសន្តិភាពមានតម្លៃខ្លាំងកម្រិតណា។
បន្តវេនពីរាជរដ្ឋាភិបាលអាណត្តិមុន នៅអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្តេជ្ញាចិត្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត ដោយហេតុថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។
ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ ជាពិសេសរាជរដ្ឋាភិបាលបានបង្កើតពាក្យមួយឃ្លាថា «អរគុណសន្តិភាព» ដើម្បីអោយប្រជាពលរដ្ឋចងចាំពាក្យនេះក្នុងចិត្តគ្រប់ៗគ្នា។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងត្រូវរួមគ្នាថែរក្សា និងលើកកម្ពស់សន្តិភាពជាមួយប្រមុខរាជរដ្ឋាភិបាល ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងដើម្បីការអភិវឌ្ឍសង្គមជាតិយើង៕
ដោយ៖ សំ ដានីរ៉ា