ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “ កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ ” ដើម្បីលើកទឹកចិត្តដល់ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត និងកីឡាករ កីឡាការិនី ដែលបានចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ មានការចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹក អ្នកចូលរួមសរុប ៤៥២២ នាក់។ ប្រភេទកីឡាដែលដាក់ឱ្យចូលរួមប្រកួតកីឡាជាតិលើកទី៤ មានចំនួន ៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម ដែលមានវិញ្ញាសាសរុប ៣២៨។
ចំពោះប្រភេទកីឡាដែលដាក់ឱ្យចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន១៣ រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ ដែលមានវិញ្ញាសាសរុបចំនួន ៥៥។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមកិច្ចសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ៕
ដោយ ៖ សិលា