ក្រោយ៣ថ្ងៃនៃការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបន្តទម្លាគ់គ្រាប់បែកទីពីរ នៅថ្ងៃទី០៩ ខែសីហា១៩៤៥ ហើយនៅថ្ងៃនេះជាថ្ងៃដែលប្រទេសជប៉ុន បានប្រារព្វខួបរំលឹកលើកទី៧១ឆ្នាំនៃការទម្លាក់គ្រាប់បែកពីសំណាក់ទ័ពអាកាសអាមេរិកនៅក្រុងណាហ្គាសាគី (Nagasaki) ។
ពិធីប្រារព្វខួបលើកទី៧១ឆ្នាំនេះដែរគេឃើញមានវត្តមានចូលរួមពីសំណាក់លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ រួមទាំងពលរដ្ឋជប៉ុន ក៏បានសម្តែងនូវក្តីសោកសៅចំពោះករណីនៃការទម្លាក់គ្រាប់បែក២កន្លែងនៅក្នុងប្រទេសរបស់ពួកគេ បណ្តាលឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២នោះ ។
បើតាមឯកសារមួយចំនួនដែលបង្ហាញឡើងដោយគេហទំព័រវីគីប៉ែឌៀ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកនៅក្រុង Nagasaki មានចំនួនចន្លោះពី ៣៥.០០០នាក់ទៅ ៤០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរតួលេខនៃអ្នកស្លាប់នៅក្នុងទីក្រុង Hiroshima វិញមានចំនួនពី ៦៦.០០០នាក់ទៅ ៧០.០០០នាក់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី