អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប ថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួនបានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា និងមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះ អាសន្ន ចំពោះជនបរទេសសញ្ជាតិឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជូនថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមាន គោលការណ៍ហាមឃាត់ការធ្វើដំណើរចូលព្រះរាជាណាចក្រកកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះ អាសន្ន ចំពោះជនបរទេសនៃប្រទេសណាមួយឡើយ រួមទាំងជនបរទេសសញ្ជាតិ ខាងលើផងដែរ។ ប៉ុន្តែ ផ្អែកតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និង ស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ អាចបដិសេធជនបរទេស ណាម្នាក់ចូលព្រះរាជាណាចក្រកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីដែលមិនបាន បំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់ និងអនុក្រឹត្យដូចបានបញ្ជាក់ជូនខាងលើ ដូចជា៖ ប្រវត្តិ នៃការធ្វើដំណើរមិនច្បាស់លាស់ ឬគោលបំណងនៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុង

ពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ជឿថានឹងប្រព្រឹត្ត ឬបានប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈសីលធម៌សង្គម និងធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ អន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print