ខេត្តព្រះវិហារ៖ អង្គភាពពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សូមជម្រាបជូនដល់បងប្អូនសាធារណៈជន ប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ញាតិជនជាប់ឃុំ និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មាន ការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) របស់គណនីហ្វេកបុកផេកឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ ដោយបានសរសេរសារបង្ហោះថា “អ្នកជាប់ឃុំ នៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លាប់ ជាង១០នាក់ ស្លាប់ជាបន្តបន្ទាប់ មួយថ្ងៃ៣នាក់ទៅ៤នាក់” ។ ពាក់ព័ន្ធការផ្សាយនេះ អង្គភាពពន្ធនាគារ ខេត្ត ព្រះវិហារ សូមធ្វើការបញ្ជាក់ និងបំភ្លឺជូនបងប្អូនសាធារណៈជន ប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ញាតិរបស់ជន ជាប់ឃុំ និងអ្នកសារព័ត៌មាន ជ្រាបថា៖ អង្គភាពយើងខ្ញុំពុំមានអ្នកជាប់ឃុំស្លាប់មួយថ្ងៃ៣នាក់ទៅ៤នាក់ដូចការ ផ្សាយនោះឡើយ ។ អ្នកជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ត្រូវបានយកចិត្តទុកដាក់មើលថែទាំ សុខភាព និងការពិនិត្យព្យាបាលជំងឺជូនពួកគេពីសំណាក់មន្ត្រីពេទ្យពន្ធនាគារ និងមានបន្ទប់ដោយឡែកសម្រាប់ ដាក់ជនជាប់ឃុំមានជំងឺរ៉ាំរ៉ៃឬចាស់ជរាឧស្សាហ៍ឈឺញឹកញាប់ ដើម្បីងាយស្រួលតាមដានស្ថានភាពជំងឺ និងការ ពិនិត្យព្យាបាលជំងឺ ករណីដែលជនជាប់ឃុំឈឺលើសពីសមត្ថភាពជំនាញ អង្គភាពបានបញ្ជូនជនជាប់ឃុំទាំង នោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ពុំមានទុកចោលជនជាប់ឃុំណាម្នាក់ ដោយមិនបានមើលថែរហូតដល់ស្លាប់ក្នុងពន្ធនាគារ ដូចការលើកឡើងនោះទេ។ ចំពោះការផ្តល់ម្ហូបអាហារដល់ ជនជាប់ឃុំ អង្គភាពពន្ធនាគារបានយកចិត្តទុកដាក់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស ដែលមានគុណ ភាព យកមកចម្អិនធ្វើម្ហូប និងផ្លាស់ប្តូរមុខម្ហូបជារៀងរាល់ថ្ងៃ ការចម្អិនបានឆ្អិនល្អ ធានាបាននូវអនាម័យ បរិមាណគ្រប់គ្រាន់ មានជីវជាតិ រស់ជាតិសមរម្យទទួលយកបាន ផ្តល់ជូនជនជាប់ឃុំទាំងអស់បានហូបឆ្អែត ចំនួនពីរពេលក្នុងមួយថ្ងៃ ។
សូមបញ្ជាក់ថា៖ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លាប់ប្រាកដមែន ប៉ុន្តែការស្លាប់នេះគឺនៅថ្ងៃផ្សេងៗគ្នាពុំមែនស្លាប់ក្នុងមួយថ្ងៃ០៣នាក់ ដូចការលើកឡើងទេ ហើយការស្លាប់នេះទៀតគឺស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមែនស្លាប់នៅក្នុងពន្ធនាគារទេ តាមការបញ្ជាក់ពីក្រុម គ្រូពេទ្យខេត្តជនជាប់ឃុំទាំងនោះស្លាប់ដោយសារជំងឺរលាកសួត ខ្សោយតំរងនោម ជំងឺទឹកនោមផ្អែម ជាតិពុលក្នុង ថ្លើម និងជំងឺគាំងបេះដូង ក្នុងចំណោមអ្នកស្លាប់ទាំង០៤នាក់នេះគឺមានជនជាប់ឃុំចាស់ជរា និងជនជាប់ឃុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនពីខាងក្រៅ ។ ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមប្រកាសបដិសេធនឹងខ្លឹមសារដែលបានសរសេរ បង្ហោះខាងលើនេះ ដែលនាំឱ្យមានការយល់ច្រឡំ ទាញចំណេញផលប្រយោជន៍ បំផ្លើសការពិត ធ្វើឪ្យប៉ះ ពាល់ដល់ការដឹកនាំអង្គភាព ឬជះឥទ្ធិពលអាក្រក់ដល់បណ្តាញសង្គម និងមានការភ័ន្តច្រឡំជាសាធារណៈ និងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារ ព័ត៌មាន ដែលបានតែងតែចូលរួមធ្វើការផ្សព្វផ្សាយនូវសកម្មភាពថ្នាក់ដឹកនាំ ឬសមិទ្ធផលនានាក្នុងអង្គភាព ។
ហើយអង្គភាពយើងខ្ញុំរីករាយសហការ ជាមួយក្រុមគ្រួសារ សាច់ញាតិជនជាប់ឃុំ ប្រសិនបើចង់ដឹងអំពីព័ត៌មានសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រះវិហារ អញ្ជើញអស់លោក លោកស្រី ទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គភាពពន្ធនាគារ និងសូមកុំស្តាប់តាមការផ្សាយរបស់ជនខិលខូចមួយចំនួនដែលបំផ្លើសពីការពិត ។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប៕ដោយ៖តារា