កុំនេសាទត្រីងាយដាច់ពូជ និងចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផលទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលជលផល ខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង ដែលតែងតែសហការយ៉ាងល្អ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល រួមទាំងផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដល់អាជីវករលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីឲ្យបងប្អូនអាជីវករយល់ដឹង និងចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផលទាំងអស់គ្នា ដោយស្ម័គ្រចិត្តឈប់ទិញ លក់ សន្និធិ និងកែច្នៃប្រភេទប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនោះ។

ត្រូវស្វែងយល់ទិសន័យថា ៖ ធនធានជលផលកំពុងរងគ្រោះថ្នាក់ ! ការពារនិងអភិរក្សធនធានជលផល ! ។
សូមបញ្ជាក់ថា ៖ មានត្រីកម្រ៥ប្រភេទ ដែលជិតផុតពូជ និងកំពុងរងគ្រោះនៅកម្ពុជា ដូចជា ៖
១-ត្រីគល់រាំង៖ ជាត្រីតំណាងអត្តសញ្ញាណជាតិ ដែលត្រូវបានចាត់ចូលជាត្រីប្រភេទកម្រនៅកម្ពុជា។ ត្រីប្រភេទនេះ មានតិចតួចនៅតាមខេត្ត និងតំបន់មួយចំនួន ដែលស្ថិតក្នុងទន្លេសាប និងតាមទន្លេមេគង្គ។ ត្រីគល់រាំង ជាប្រភេទត្រីមានស្រកា មានប្រវែងខ្លួនប្រមាណ៣ម៉ែត្រ និងអាចមានទម្ងន់ដល់៣០០គីឡូក្រាម។ លក្ខណៈជីវៈសាស្រ្ត សម្រាប់ត្រីប្រភេទនេះ នៅរដូវប្រាំង វាចូលចិត្តរស់នៅតាមអន្លង់ជ្រៅៗ នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ចំណែកនៅរដូវទឹកឡើង ត្រីប្រភេទនេះត្រូវផ្លាស់ទីនាំកូនចៅបណ្ដែតខ្លួនតាមខ្សែទឹក ទៅជ្រកតាមតំបន់វាលទំនាប់លិចទឹកនានា នៅតាមបឹងទន្លេសាប និងទន្លេមេគង្គ។  នៅរដូវទឹកស្រក ពួកវានឹងធ្វើដំណើរត្រលប់ទៅទីតាំងលាក់ខ្លួនដើម ដែលនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងវិញ។ លក្ខណៈពិសេសរបស់ត្រីប្រភេទនេះ គឺវាអាចសម្របខ្លួនរស់នៅបានស្ទើរគ្រប់ទីកន្លែង មិនថាបឹងបួ ទន្លេ ឬកន្លែងគេចិញ្ចឹមនោះទេ។  លោក ឈុត ឈាណា អ្នកទំនាក់ទំនង និងផ្សព្វផ្សាយ គម្រោងអច្ឆរិយទន្លេមេគង្គ បានលើកឡើងថា ត្រីគល់រាំង នបើរស់នៅក្នុងធម្មជាតិ អាចនឹងលូតលាស់ធំលឿន ជាងគេយកទៅចិញ្ចឹមតាមផ្ទះ។ លោកបានបន្ថែមថា បើត្រីគល់រាំងរស់នៅក្នុងធម្មជាតិរយៈពេល២០ឆ្នាំ វាអាចមានទម្ងន់ចន្លោះ២០០ ទៅ៣០០គីឡូក្រោម និងមានប្រវែង៣ម៉ែត្រ តែបើវាត្រូវបានគេចិញ្ចឹមរយៈពេល២០ឆ្នាំ អាចមានទម្ងន់ត្រឹម៥០គីឡូក្រាមប៉ុណ្ណោះ។
២-ត្រីរាជ៖ ជាប្រភេទត្រីគ្មានស្រកា និងស៊ីចំណីប្រភេទបន្លែ ជាអាហារ។ ត្រីប្រភេទនេះ មានវដ្ដជីវិតប្រហាក់ប្រហែលត្រីគល់រាំងដែរ។ ពេលត្រីរាជនៅតូច វាអាចច្រឡំជាមួយត្រីប្រា និងត្រីពោ ប៉ុន្ដែខុសគ្នាដាច់នៅពេលវាធំ។ ល្បឿននៃការធំធាត់របស់ត្រីរាជ លឿនជាងត្រីគល់រាំង។ បើគិតត្រឹមអាយុ៥ ទៅ៦ឆ្នាំ ត្រីនេះ អាចមានទម្ងន់ជាង១០០គីឡូក្រាម។ ត្រីប្រភេទនេះ ហាក់ខ្សត់នៅក្នុងទឹកដីកម្ពុជា។
៣-ត្រីពោព្រុយ៖ ត្រីពោព្រុយ គឺជាប្រភេទត្រីកម្រ និងជិតផុតពូជ មានឈ្មោះ Giant pangasius (Pangasiussanitwongsei)។ ត្រីពោព្រុយ គឺជាប្រភេទត្រីអត់ស្រកា អម្បូរជាមួយត្រីពោ និងត្រីប្រា។ វាស៊ីចំណីគ្រប់ប្រភេទមិនរើសទេ។ ដងខ្លួនរបស់វា មានប្រវែងរហូតដល់ ៣០០សង់ទីម៉ែត្រ និងទម្ងន់ ៣០០គីឡូក្រាម ។ ត្រីប្រភេទនេះ ផ្លាស់ទីទៅរស់នៅក្នុងទន្លេ និងបឹងធំៗ ដូចជាទន្លេមេគង្គ និងបឹងទន្លេសាបជាដើម។ វាស៊ី ត្រី ក្តាម កំពឹស ជាអាហារ ប៉ុន្តែ ត្រីពោព្រុយធំពេញវ័យ ចូលចិត្តស៊ីសាកសពបក្សី និងសាច់ឆ្កែ។ ជាទូទៅអ្នកនេសាទត្រីប្រភេទនេះ គេប្រើសាច់ឆ្កែ សម្រាប់ធ្វើជានុយទាក់វា។  គេអាចកំណត់អត្តសញ្ញាណរបស់ត្រីពោព្រុយបាន ដោយការសង្កេតទៅលើព្រុយខ្នង និងព្រុយទ្រូង ដែលមានសភាពលយវែង ដូចអង់តែន ខុសពីត្រីពោ។ ចំណែកនៅចុងព្រុយគូទ មានអុជពណ៌ខ្មៅមួយ។  បច្ចុប្បន្ននេះ គេឃើញមានវត្តមានត្រីប្រភេទនេះ ដោយកម្រ។ ត្រីពោព្រុយ ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «រងគ្រោះថ្នាក់ជិតផុតពូជ» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List។
៤-ត្រីប៉ាសាណាក៖ ជាត្រីប្រភេទត្រីមានស្រកា ដោយវាមិនធ្វើចរាចរដូចត្រីដទៃទេ។ ភាគច្រើនត្រីប្រភេទនេះ ចូលចិត្តរស់នៅតំបន់ដែលមានទឹកជួរ (ទឹកហូរខ្លាំងនៅតាមដងទន្លេមេគង្គ) និងអាចមានប្រវែង ១ម៉ែត្រ ទម្ងន់៣០គីឡូក្រាម។  អ្នកទំនាក់ទំនង និងផ្សព្វផ្សាយ គម្រោងអច្ឆរិយទន្លេមេគង្គ បានឱ្យដឹងថា បច្ចុប្បន្នត្រីប៉ាសាណាក ក៏កំពុងរងការគំរាមកំហែង ពីក្រុមអ្នកនេសាទ ព្រោះវាជាត្រីសកម្មក្នុងការរកចំណី។ «ត្រីនេះស៊ីសាច់ជាអាហារ ហើយវាចាត់ចូលជាត្រីល្មោភស៊ី។ និយាយឱ្យចំទៅវាស៊ីអត់ឈប់ទេ វាសកម្មក្នុងការរកចំណី។ ភាពសកម្មរបស់ត្រីនេះ ទើបធ្វើឱ្យវាងាយជាប់មងអ្នកនេសាទ ព្រោះវាចូលចិត្តហែលទៅ ហែលមកនៅតំបន់ទឹកហូរខ្លាំងៗ»។ នេះជាការលើកឡើងរបស់លោក ឈាណា អ្នកទំនាក់ទំនង និងផ្សព្វផ្សាយ គម្រោងអច្ឆរិយទន្លេមេគង្គ។
៥-ត្រីស្ទក់៖ ជាប្រភេទត្រីឥតស្រការ និងស៊ីសាច់ជាអាហារ។ ត្រីប្រភេទនេះ ភាគច្រើនរស់នៅតាមទន្លេមេគង្គ។ បច្ចុប្បន្នត្រីប្រភេទនេះ ក៏កំពុងជិតផុតពូជផងដែរ ដោយភាគច្រើនអ្នកសិក្សាស្រាវកម្ររកឃើញត្រីប្រភេទនេះណាស់។

ត្រីទាំង៥ ប្រភេទនេះមានបញ្ហាប្រឈមជាច្រើនដូចជា ការបាត់បង់ទីជម្រក ការនេសាទហួសកម្រិត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមដងទន្លេមេគង្គ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។ លើសពីនេះចំណេះដឹងពលរដ្ឋ ទាក់ទងការអភិរក្ស និងការពារធនធានធម្មជាតិ នៅមានកម្រិតបានក្លាយជាបញ្ហាដែលចោទសម្រាប់ដំណើរការរក្សា និងសង្គ្រោះជីវិតរបស់ពួកវា។ កុំភ្លេចពាក្យថា ៖ «ធនធានជលផលកំពុងរងគ្រោះថ្នាក់ ! ការពារនិងអភិរក្សធនធានជលផល !» ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print