អុីរ៉ង់៖ អាមេរិកជាអ្នកនៅពីក្រោយអំពើភេរវកម្ម និងការបំបែកបំបាក់ក្នុងពិភពមូស្លីម

ចែករំលែក៖

សារព័ត៌មានស៊ីនហួ ថ្ងៃទី០៣ ខែ វិច្ឆិកា​ ឆ្នាំ២០២៤ បានផ្សាយថា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) លោក Hossein Salami បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយអំពើភេរវកម្ម និងការបែកបាក់គ្នាក្នុងពិភពមូស្លីម។

ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី៤៥ ឆ្នាំ នៃការកាន់កាប់ស្ថានទូតអាមេរិកកាលពីថ្ងៃអាទិត្យ លោក Salami បានលើកឡើងថា គោលនយោបាយរបស់អាមេរិក បាននាំឱ្យមានអំពើភេរវកម្ម និងជម្លោះបង្ហូរឈាមក្នុងចំណោមពិភព
មូស្លីម។ លោកបានរិះគន់អាមេរិកថា មាត់តែងតែអះអាងអំពីសន្តិភាព និងសន្តិសុខសកល តែធាតុពិតបែរជាបង្កឱ្យមានអំពើហិង្សានិងការកាន់កាប់ទូទាំងពិភពលោក។
ក្នុងពិធីរំលឹកខួបនេះ ប្រជាជនអុីរ៉ង់បានដើរបាតុកម្ម ដោយស្រែកពាក្យស្លោកប្រឆាំងអាមេរិក និងអុីស្រាអែល ព្រមទាំងប្តេជ្ញាគាំទ្រមេដឹកនាំកំពូលរបស់អុីរ៉ង់ និងថ្កោលទោសសកម្មភាពរបស់អុីស្រាអែលនៅហ្គាហ្សា និងលីបង់ ដែលពួកគេចោទថា មានការគាំទ្រពីអាមេរិក។ ពួកគេក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ជម្លោះទាំងនោះផងដែរ។
ពិធីនេះគឺជាការរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្រោយបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩ នៅពេលដែលនិស្សិតអុីរ៉ង់បានកាន់កាប់ស្ថានទូតអាមេរិក ដោយចោទប្រកាន់ថា ស្ថានទូតនេះជាមូលដ្ឋានចារកម្ម និងគ្រោងផ្តួលរំលំរដ្ឋាភិបាលអុីរ៉ង់។ អុីរ៉ង់ប្រារព្ធព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដោយមានការធ្វើបាតុកម្មទូទាំងប្រទេស៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print