វិស័យឯកជនចូលរួមលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងអគារពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាននិងដៃគូបានរៀបចំការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម។ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនេះ បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការ ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ និងបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែង។ លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។ លោកបានថ្លែងអំណរគុណ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគាំទ្រឱ្យមានការប្រកួតប្រជែង CEE Comp ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។

លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន។ ការចូលរួមពីវិស័យឯកជនកាន់តែច្រើន ធានាដល់នូវការពន្លឿន ក្នុងការទទួលបានហិរញ្ញប្បទាន និងការអនុវត្តរបៀបវារៈ នៃការប្រែប្រួលអាកាសធាតុ នាពេលខាងមុខ។លោកបណ្ឌិត Michael Renfrew តំណាង EnergyLab បានថ្លែងថា ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ក្រុមហ៊ុនដែលតំណាងនៅទីនេះ មានសក្តានុពលសំខាន់ ក្នុងការរៀបចំអនាគតអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពថាមពល តាមរយៈការបញ្ចេញកាបូនទាប ដោយសារគំនិតច្នៃប្រឌិត ចំពោះការវិនិយោគ និងភាពជាអ្នកដឹកនាំសម្រាប់អនាគតប្រទេសមានភាពបៃតង។

លោក François Schnoebelen, នាយកសាលាទេសចរណ៍អង្គការ Ecole Paul Dubrule ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងឆ្នាំនេះ បានថ្លែងថា ការប្រកួតប្រជែងនេះ បានបំផុសគំនិតដល់ស្ថាប័នរបស់លោក ឱ្យគិតឡើងវិញ ពីរបៀបប្រើប្រាស់ថាមពល និងបង្កើតទម្លាប់ប្រើប្រាស់ថាមពល។ តំណាងអង្គការ WWF បានសំដែងការអបអរសាទរ ការចូលរួមចំណែករបស់ស្ត្រី ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។ លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ពួកគេ មិនត្រឹមតែជួយកាត់បន្ថយ ការចំណាយលើថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជាវិជ្ជមាន ចំពោះបរិស្ថានផងដែរ ជាពិសេសការសន្សំថាមពល និងបានកាត់បន្ថយការបំភាយកាបូន។ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏បានរួមចំណែក លើកទឹកចិត្តអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។

ដូចគ្នាដែរ លោកបណ្ឌិត Sothearath Seang តំណាងក្រុមហ៊ុន សោម៉ា គ្រុប បានបង្ហាញ មោទនភាព ក្នុងការចូលរួមឧបត្ថម្ភកម្មវិធី CEE Comp ក្នុងឆ្នាំនេះ និងបញ្ជាក់ពីពីវឌ្ឍនភាព របស់កម្ពុជា លើប្រសិទ្ធភាពថាមពល និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ក្រុមហ៊ុន Soma Group បានចូលរួមប្តេជ្ញាចិត្ត ចំពោះនិរន្តរភាពថាមពល ដែលផ្តោតលើការអប់រំ ការថែទាំសុខភាព និងបរិស្ថាន សម្រាប់កម្ពុជាមានការអភិវឌ្ឍដោយចីរភាព។ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាព ថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។

លោក វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានជំរុញវប្បធម៌ សន្សំសំចៃថាមពល ពីសំណាក់អ្នកប្រើប្រាស់ ប្រដោយភាពច្នៃប្រឌិត ជួយដល់បរិស្ថាន។ កម្ពុជា បានប្តេជ្ញាចិត្តសម្រេចឲ្យបានជាប្រទេសអព្យាក្រឹតកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួម ការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ។ សកម្មភាពដើម្បីប្រសិទ្ធភាពថាមពលនៅកម្ពុជា ត្រូវបានអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជា មានភាពស្អាត បៃតង និងចីរភាព។

សូមបញ្ចាក់ថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ចំនួន២លើករួចមកហើយ។ ទាំងរដូវកាលទីមួយ និងរដូវកាលទីពីរ ការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់ប្រមាណ 350 តោន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print