ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន២កញ្ចប់ ម៉ូតូ២គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈ្មោះវន ស្រស់ អាយុ១៦ឆ្នាំ ទី២ -ឈ្មោះគង់ សម្បត្តិ អាយុ៣៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាកម្មករឡឥដ្ឋដូចគ្នា ស្នាក់នៅភូមិបឹងជន្លេន ឃុំព្រែកតាម៉ាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ទី៣-ឈ្មោះមុខ ចាន់ថន អាយុ២៣ឆ្នាំ និង ទី៤-ឈ្មោះសា ពន្លក អាយុ១៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាអ្នកបើកអេស្កាវ៉ាទ័រដូចគ្នា និងស្នាក់នៅភូមិវិហ៊ារសួរ ឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វាបានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានដាក់គោលដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការនឹងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រខណ្ឌរបស់ខ្លួនដោយខិតខំប្រឹងប្រែង ។
ជាក់ស្តែងនៅយប់មិញថ្ងៃដដែល កម្លាំងនគរបាលយើងបានបន្តល្បាតទើបប្រទះឃើញបក្ខពួកមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដោយគួរសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់បានរកឃើញក្រាម ពណ៌ថ្លា ជាប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកនូវនឹងខ្លួនត្រៀមយកទៅប្រើប្រាស់រួមគ្នាទើបឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនតែម្ដងនិងដកហូតមធ្យោបាយធ្វើដំណើរមានម៉ូតូចំនួន២គ្រឿងផងដែរ ។
បច្ចុប្បន្នជនត្រូវសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ
...