សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម នៅកម្ពុជាក្រោម

ចែករំលែក៖

ប្រទេសវៀតណាម ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញព្រះវិហារ និងបានវេរប្រគេនព្រះសង្ឃនៅវត្តពោធិគិរីវង្សារាម (វត្តស្វាយសៀមថ្មី) នៅកម្ពុជាក្រោម។

ពិធីដង្ហែអង្គកឋិនទាន ប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ប្រជាពលរដ្ឋខ្មែរមកពីកម្ពុជា និងពលរដ្ឋខ្មែរក្រោមយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរីករាយ ស្និទ្ធស្នាល នឹករលឹកក្នុងមនោសញ្ចេតនា និងជ្រះថ្លាជ្រាលជ្រៅជាទីបំផុត។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាឱកាសនេះ បានប្រមូលបច្ច័យបានជាង២លានដុល្លារ នៅក្នុងនោះបច្ច័យ៩០ម៉ឺនដុល្លារប្រគេនដល់ព្រះសង្ឃគង់នៅវត្តស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក។

ប្រជាពលរដ្ឋខ្មែរក្រោម និងខ្មែរពីប្រទេសកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរគ្មានអ្វីប្រៀបផ្ទឹមនោះឡើយចំពោះព្រឹត្តិការណ៍អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ។ តាមរយៈព្រឹត្តិការណ៍សាសនានេះ បានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងខឿនវប្បធម៌ប្រពៃណីរបស់ខ្មែរ នៅខ្មែរក្រោម។ ព្រឹត្តិការណ៍នេះ ក៏បានបើកបង្ហាញឱ្យឃើញនូវទឹកចិត្ត សមានចិត្ត ក្តីស្រឡាញ់ ការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនខ្មែរក្រោម ផងដែរ។

សូមឧទ្ទិសកុសលផលបុណ្យពីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ ជូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទំាងក្នុង និងក្រៅប្រទេស បានសមប្រកបដោយពុទ្ធពរទំាង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print