ករណីកែសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ៖ បទពិសោធន៍ផ្ទាល់ ខុសពីការយល់ឃើញតៗគ្នាលើបណ្តាញសង្គម!

ចែករំលែក៖

ភ្នំពេញ ៖ ទៅស្នើសុំកែសំបុត្រកំណើត លិខិតបញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ តើពិតជាពិបាកដូចពាក្យចាស់ថា«ទៅសុំភ្លើងយក្សឬយ៉ាងណា?»។ ប្រធានបទនេះ ហាក់ដូចជាពុះកញ្ជ្រោលខ្លាំងណាស់លើបណ្ដាញសង្គម។ ជាក់ស្ដែងគេហទំព័ររកប្រាក់តាមអនឡាញ ឬក្រុមMMOខ្លះ បានយកប្រធាននេះទៅផ្សព្វផ្សាយរហូតនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ យល់ឃើញជាអត្តនោម័តថាការស្នើសុំសេវានេះ ហាក់ដូចមានភាពស្មុគស្មាញខ្លាំងណាស់។ ធាតុពិត សេវាកែតម្រូវទិន្នន័យឯកសារអត្តសញ្ញាណដូចបញ្ជាក់មកនេះ មានភាពងាយស្រួល ដូចតែសេវាមាននៅតាមបណ្ដាច្រកចេញចូលតែមួយទូទៅដែរ គ្រាន់តែសេវានេះមានតែនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

យោងតាមសំណេរលើបណ្ដាញសង្គមផ្លូវការ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងនាមជាពលរដ្ឋម្នាក់ លោកបានទៅស្នើសុំសេវាកែទិន្នន័យសំបុត្រកំណើតកូន និងបន្ថែមអក្សរឡាតាំង ដោយអនុវត្តតាមនីតិវិធីជាមួយពលរដ្ឋផ្សេងទៀត នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។ 

លោក រ៉េន រតនៈ បានសរសេររៀបរាប់ថា«ថ្ងៃនេះ ខ្ញុំបានមកកែទិន្នន័យអត្រានុកូលដ្ឋាននិងបន្ថែមអក្សរឡាតាំងឈ្មោះកូន នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយទទួលនូវអារម្មណ៍កក់ក្ដៅ និងពោពេញដោយអត្ថន័យផ្សះផ្សារផ្លូវចិត្ត។ ខ្ញុំជឿថាអ្នកទទួលទទួលសេវានៅទីនោះ ភាគច្រើនមានអារម្មណ៍ដូចខ្ញុំ។ ខ្ញុំមកបំពេញនីតិវិធីដូចពលរដ្ឋទូទៅ ហើយក៏ប្រហែលមិនមានអ្នកដឹងថាខ្ញុំធ្វើការនៅខុទ្ទកាល័យរដ្ឋមន្រ្តីមហាផ្ទៃនោះដែរ»។ 

បើតាមសំណេរដដែល លោក រ៉េន រតនៈ ក៏ទទួលស្គាល់ដែរថា ជារឿយៗប្រជាពលរដ្ឋដែលដឹងថាសំបុត្រកំណើតឬលិខិតបញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណខ្លួន មានបញ្ហាខុសទិន្នន័យណាមួយ ពួកគាត់ពុំសប្បាយចិត្តឡើយ ដោយម្យ៉ាងខឹងនឹងមន្រ្តីបំពេញខុស ម្យ៉ាងមានអារម្មណ៍ធុញថប់មុនរួចជាស្រេចចំពោះការទៅស្នើសុំកែតម្រូវ។ នេះដោយមិនរាប់ករណីមន្រ្តីសរសេរត្រូវ តែសាមីខ្លួន ឬអាណាព្យាបាលចង់កែនោះឡើយ។ 

ជាមួយនឹងសំណេរបង្ហាញការទទួលស្គាល់ពីការលំបាកសម្រាប់អ្នកមកពីចំងាយ និងការចំណាយនានាដែលករណីនេះ លោកក៏ប្រាថ្នាចង់ឃើញថ្នាក់ដឹកនាំមានដំណោះស្រាយដែរនោះ អ្នកនាំពាក្យប្រមុខក្រសួងមហាផ្ទៃដដែល បានយកបទពិសោធន៍ផ្ទាល់មកអះអាងថា ពេលបងប្អូនអញ្ជើញមកដល់កន្លែងផ្ដល់សេវា បរិយាកាសសបំពេញការងាររបស់មន្រ្តីនៅទីនោះ បានជួយធ្វើឱ្យភាពតានតឹងផ្លូវចិត្តរបស់ពលរដ្ឋត្រូវរសាយទៅវិញច្រើន។ 

លោកបន្តក្នុងសំណេរដើមទៀតថា«ក្នុងបន្ទប់ធំមួយប្រហែលសាលាឆាន់វត្ត ក្រុមមន្រ្តីទាំងកិច្ចសន្យា ស៊ីវិល និងនគរបាល បានបណ្ដាក់គ្នាសួរនាំ និងបំពេញនីតិវិធីជូនប្រៀបបានកូនចៅបម្រើអ្នកមានគុណ! កន្លែងអង្គុយមានម៉ាស៊ីនត្រជាក់ល្ហឹម ឮតែសំឡេងមន្រ្តីសួរនាំប្រជាជន ខណៈតុបំពេញនីតិវិធីរវាងមន្រ្តី និងសាមីអ្នកស្នើសេវា ត្រូវបានតម្រៀបដូចតុបរិស័ទរាប់បាត្រព្រះសង្ឃ។ ត្រួសៗជូនដូចករណីខ្ញុំ ម៉ោង៧.៤០នាទីព្រឹកខ្ញុំទៅដល់អគ្គនាយកដ្ឋាន ដោយឆ្លងកាត់មន្រ្តីសុំកត់ឈ្មោះ និងផ្ដល់ប័ណ្ណចូល ចំណាយពេល១នាទី។ ដល់បន្ទប់ផ្ដល់សេវា មានមន្រ្តីសម្ភាសខ្លី កត់ត្រាព័ត៌មាន និងពិនិត្យឯកសារបឋម មុនផ្ដល់លេខឱ្យចូល ចំណាយពេលប្រហែល៥នាទី។ ចូលក្នុងបន្ទប់រង់ចាំប្រហែល៥នាទី មានមន្រ្តីហៅលេខឱ្យយកឯកសារទៅផ្ទៀងផ្ទាត់នៅតុដូចតុរាប់បាត្រលោកប្រហែល៧នាទី ក៏បន្តទៅផ្ដិតមេដៃ និងសរសេរឈ្មោះប្រហែល២នាទី។ អង្គុយប្រហែល៥នាទីក៏មានមន្រ្តីហៅឈ្មោះឱ្យយកចុងសន្លឹកចាំទទួលសេវា៣ថ្ងៃក្រោយ»។ 

សម្រាប់លោក រ៉េន រតនៈ ការបណ្ដោយអារម្មណ៍ឱ្យគិតតែអវិជ្ជមាន និងបូកផ្សំព័ត៌មានដែលប្រើវិធីជាន់ឈ្លី សច្ចធម៌ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចក្រុមMMO មួយចំនួននោះ ពុំមែនជាដំណោះស្រាយត្រឹមត្រូវ និងមានប្រយោជន៍នោះឡើយ។ លោកបានគូសបញ្ជាក់ថា«ជារួមខ្ញុំ លើកទឹកចិត្តបងប្អូនឱ្យចេះប្រឈមរកដំណោះស្រាយបញ្ហាជីវិត។ បើមួយភូមិមានខុស៤ឬ៥នាក់ ហើយក្នុងចំណោមនោះមានយើងដែរ យើងសុខចិត្តដោះស្រាយទៅ។ ចំណែកមន្រ្តីទទួលប្រាក់ខែពីយើង ទន្ទឹមនឹងមានអ្នកឆកល្វែងខុសដោយអចេតនា ក៏មានមន្រ្តីចាំដោះស្រាយបញ្ហាដូចករណីខ្ញុំរៀបរាប់នេះដែរ។ ខ្ញុំក៏សូមលើកទឹកចិត្តមាតាបិតា អាព្យាបាល និងសាមីខ្លួន មានការទទួលខុសត្រូវផ្ទៀងផ្ទាត់ទិន្នន័យ មុនសម្រេចឱ្យមន្រ្តីចុះបញ្ជីកំណើត ឬលិខិតបញ្ជាក់កំណើត ឬអត្តសញ្ញាណប័ណ្ណ។ ចំណែកមន្រ្តីក៏គួរមានការប្រុងប្រយ័ត្ន និងបង្កើតនីវិធីផ្ទៀងផ្ទាត់ឱ្យមុតជាងនេះដែរ»៕ 

ដោយ ៖ លោក សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print