សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៩រូប។

អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន២ដោយ មានសំឡេង ១០៩ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖

១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ ជំនួស លោក ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានដូចខាងក្រោម៖

១-ការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស លោក ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិនិងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ផ្អែកលើសមិទ្ធផលកន្លងមកដូចបានគូសបញ្ជាក់ខាងលើ និងបន្ទាប់ពី ពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថាកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្តនិងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។

-សេចក្តីព្រាងច្បាប់នេះមាន ៤មាត្រា។

-លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។

-លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការីជាអ្នកការពារសេចក្តីព្រាងច្បាប់។
-សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន ១រូប គឺ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគាំទ្រទាំងស្រុងលើសេចក្តីព្រាង ច្បាប់នេះ។

-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ទាំងមូល មានចំនួន ១០៩សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល។

សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានដំណើរការចប់សព្វគ្រប់នូវរបៀបវារៈទាំង២រួចហើយ អង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅវេលាម៉ោង ៨:៤៥នាទី នាថ្ងៃខែឆ្នាំ ដដែល។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print