ភ្នំពេញ៖ ក្រុមមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរ បញ្ចប់អនុវត្តនីតិវិធី និងត្រៀមបញ្ជូនខ្លួនសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ កាលពីថ្ងៃទី០២ ខែវិច្ឆិកាថ្មីៗនេះ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់នេះទី១៖ឈ្មោះ អាត ឡៃហេង ហៅកទា, ទី២៖ឈ្មោះ ភ័ក្រ្ត ដូណា ហៅភូ និងទី៣៖ឈ្មោះ រិន សុវណ្ណារ័ត្ន ហៅកូ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ខៀវចាស់ (បិតស្កុតពណ៌ខ្មៅ) សេរីឆ្នាំ២០១៩ ព្រមទាំងផ្លាកលេខម៉ូតូ (ផ្លាកលេខកណ្តាល១AD-៣៦២០) ចំនួន០១បន្ទះ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទ្រព្យសម្បត្តិ) ចំនួន០៤ករណី ក្នុងនោះមាននៅខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា