បញ្ជូនខ្លួនជនសង្ស័យទាំង១១នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនិងឆក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសលួចឆក់ កាប់ប្លន់ ចំនួន០៨ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមមតិវិធី។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាប និងឃាត់ជនសង្ស័យសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធនិងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងចំណោមជនសង្ស័យគឺមាន០៤នាក់បានធ្វើសកម្មភាពទី១.ប្រព្រឹត្តបទល្មើសកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ០១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពួកគេទាំង០៤នាក់នេះត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី០២និងទី៣ខែវិច្ឆិកា ឆ្នាំ២០២៤នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់០១ដើមនិងម៉ូតូម៉ាកហុងដា០១គ្រឿង។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថាដោយឡែកករណីទី២ ជនសង្ស័យចំនួន០៣នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆក់ទ្រព្រម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈរហូតដល់០៥ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថាដោយឡែកជនសង្ស័យចំនួន០៤នាក់បន្ថែមទៀតត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចរាល់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print