ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ច
មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត
បានអោយដឹងនារសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ករណីឆ្លងចរន្តអគ្គិសនី ឆេះផ្ទះល្វែងលក់ដូរសម្ភារៈជ័រនៅផ្សារអន្តរជាតិបាវិត កាលពីយប់ ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤ គឺសរុបការខូចខាតអស់ទឹកប្រាក់ប្រហែល២ម៉ឺនដុល្លារ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបន្តថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សៀង សុភារី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងជ័រ ស្ថិតនៅផ្សារអន្តរជាតិក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានករណីអគ្គិភ័យឆេះផ្ទះល្វែងនៅក្នុងផ្សារអន្តរជាតិបាវិតភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះអន្ដរាគមន៍ជួយពន្លត់ដោយក្នុងករណីនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨រឿង (រថយន្តកងរាជអាវុធហត្ថខេត្តចំនួន០៣គ្រឿង, រថយន្ដមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន០៤គ្រឿង ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕ ដោយ៖ សុថាន