ខេត្តតាកែវ÷ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តតាកែវប្រមាណ៣០០នាក់។ ពិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត តាកែវ។
លោកយស់ ស៊ីណា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្តបានសម្តែងនូវសេចក្តីថ្លែង អំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គលេខាធិការដែលបានផ្តល់កិត្តិយសអញ្ជើញមកសំណេះសំណាលជាមួយសមាជិក សមាជិកា នៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប អំពីការងារសម្រេចបានរបស់គណបក្សខេត្ត និងការចូលរួមរបស់គណៈចលនាមហាជនក្នុងការបោះឆ្នោតកន្លងទៅ។
លោក វ៉ី សំណាង ក្នុងនាមប្រធានគនៈខលនាមហាជនគណបក្សខេត្ត ដែលទទូលការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយធ្វើការពង្រឹង និងពង្រីករចនាសម្ព័ន្ធព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធ ភាពខ្ពស់នូវការណែនាំទាំងឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិ ការដ្ឋានគណៈចលនា មហាជន។
មានប្រសាសន៍ទៅកាន់អង្គពិធីលោកហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ជាពិសេសរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃគណៈចលនា មហាជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស ដែលបាននាំមកនូវជ័យជម្នះជូនគណបក្សជាបន្តបន្តាប់ក្នុងការបោះឆ្នោតទាំងអស់កន្លងមក។ លោកបន្តថា ជ័យជម្នះរបស់គណបក្សនៅរាល់ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់ ព្រោះថាដើម្បីរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលយើងមានបច្ចុប្បន្ន គឺត្រូវការគណបក្សបន្តដឹកនាំ និងទទួលខុសត្រូវចំពោះជោគ វាសនារបស់ប្រទេសជាតិ។
ជាចុងក្រោយលោកអគ្គលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សត្រូវខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ តាមរយៈអំពើល្អ លារនៅជិតជាមួយគាត់ និងការខិតខំប្រឹងប្រែងដោះស្រាយសំណូមពរតាមលទ្ធភាព ដើម្បីធានាកាគាំទ្រ និងជំនឿជាក់មកលើគណបក្ស។
គួរបញ្ជាក់ឱ្យដឹងថា យោងសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តតាកែវលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្រូវបានតែងតាំងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តតាកែវ ដែលត្រូវបានប្រកាសតែងតាំងនារសៀលថ្ងៃម្សិលមិញនេះដែរ៕