ខេត្តកំពង់ធំ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។
លោករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ការដាំដេីមឈេីនៅទីនេះពិតជាមានសារៈសំខាន់ ដែលទាមទារការចូលរួមពីបងប្អូនយេីងទាំងអស់គ្នា ទាំងក្នុងការដាំ និងការចូលរួមថែរក្សាការពារព្រៃឈេី។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វេីយ៉ាងណាឱ្យប្រជាកសិករមានហូប មានប្រេី មានបាន និងមានរហូត ដែលបានគិតគូរយ៉ាងវែងឆ្ងាយ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ពាក់ព័ន្ធនឹងការពារអភិរក្ស លោករដ្ឋមន្ដ្រី បានលេីកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈេីយកដីដាំដំឡូងមី និងការទន្ទ្រានដីរដ្ឋផ្សេងៗ
មកគិតគូរពីនិរន្តរភាពព្រៃឈេី និងបរិស្ថានសម្រាប់កូនចៅយេីងនាថ្ងៃមុខ។
តាមរយៈការចូលរួមការពារព្រៃឈើនិងដាំដើមឈើឡើងវិញ លោករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈេីជាច្រេីនសម្រាប់អាស្រ័យផល ទាក់ទាញទឹកភ្លៀងសម្រាប់ការធ្វេីកសិកម្ម និងអាចប្រេីប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕ ដោយ៖តារា