ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តាំផ្ញើទៅអ្នកវិភាគ សូមវិភាគតាមបែបវិទ្យាសាស្រ្ដ កុំវិភាគតាមបែបស៊ីអារម្មណ៍ ជាពិសេសទៅកាន់បុគ្គល ជេម សុខ កុំធ្វើការវិភាគទៅតាមរម្មណ៍របស់ខ្លួន គប្បីរៀនវិភាគតាមវិទ្យាសាស្រ្តវិញ ដោយការវិភាគ និងការរិះគន់ ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីសំណាក់បុគ្គលរូបនេះ នាពេលកន្លងមកថា រាជរដ្ឋាភិបាលគ្មាន ធ្វើអ្វីនោះ គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខណៈការដឹកនាំរបស់ រាជរដ្ឋាភិបាលអាណត្តិថ្មីរយៈពេល១៥ខែមកនេះសម្រេចបាននូវសមិទ្ធផលទាំងតូចទាំងធំគួរឲ្យកត់សម្គាល់។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅបុគ្គល ជេម សុខ ឲ្យមកស្រុកខ្មែរដើម្បីមើលការអភិវឌ្ឍស្រុកខ្មែរដោយផ្ទាល់កុំធ្វើការវិភាគតាមអារម្មណ៍ ហើយសម្តេច ប្រកាសស្វាគមន៍ និងធានានូវសុវត្ថិភាពដល់បុគ្គលរូបនេះពេលមកដល់ស្រុកខ្មែរថា នឹងគ្មានការចាប់ចងអ្វីនោះទេ ថែមទាំង អនុញ្ញាតឲ្យទៅជួបរដ្ឋមន្រ្តីទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ ដើម្បីសិក្សាស្វែងយល់ និងស្រង់ព័ត៌មានពិត និងច្បាស់លាស់បន្ថែមទៀតនោះ។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ក្នុងនាមសម្តេចផ្ទាល់ក៏ ដូចជា រាជរដ្ឋាភិបាល សម្តេចប្រកាសទទួលស្វាគមន៍ចំពោះការរិះគន់ និង ការវិភាគរបស់បុគ្គលទាំងឡាយណា ដែលរិះគន់ដើម្បីស្ថាបនាពុំមែនរិះគន់ តាមអារម្មណ៍និង ចោទប្រកាន់ដោយគ្មាន មូលដ្ឋានច្បាស់ លាស់ដើម្បីតែគេងចំណេញនយោបាយនោះឡើយ។
សម្តេចមហាបវរធិបតី បានបញ្ជាក់បន្តថា «នៅមួយចំហៀងផែនដីម្នាក់ ហើយនៅតែក្នុងបន្ទប់ហើយវាយតម្លៃថា មិនដើរទៅមុខ ខ្ញុំសុំអញ្ចេះ តាជេមសុខ ខ្ញុំមានអ្វីប្រឆាំងនឹងគាត់ទេ ការបញ្ចេញមតិរបស់គាត់ជាសិទ្ធិរបស់គាត់ ហើយតាំងខ្លួនជាអ្នកវិភាគដើម្បីស្ថាបនា ខ្ញុំស្វាគមន៍ ប៉ុន្តែសូមឱ្យច្បាស់លាស់ វិភាគបែបវិទ្យាសាស្ត្រ កុំវិភាគបែបស៊ីអារម្មណ៍»។ សម្តេចបន្តថា «ខ្ញុំឧស្សាហ៍និយាយណាស់ វិភាគស៊ីអារម្មណ៍នេះ គឺបង្កើតសមទ្ធកម្មថា អាក្រក់ហើយ គឺទៅយកភស្តុតាង អ្វីផ្សេងៗមកភ្ជាប់ អ្វីផ្សេងទៀតទាត់ចោលទាំងអស់ បើវិភាគបែបវិទ្យាសាស្ត្រ គេមិនទាន់ស ន្និដ្ឋានទេ គេប្រមូលទិន្នន័យមកទាំងអស់សិន ប្រមូលឱ្យវាគ្រប់ជ្រុងជ្រោយ»។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «បើតាសុខ ជាអ្នកវិភាគពិតប្រាកដ ហើយផ្តល់ព័ត៌មានដើម្បីស្ថាបនា ខ្ញុំស្វាគមន៍ ហើយខ្ញុំកាន់តែស្វាគមន៍ទៀតបើតាសុខ មកស្រុកខ្មែរហើយទៅជួបរដ្ឋមន្រ្តីក្រសួងទាំងអស់ ហើយស្តាប់តែម្តង»។
បើតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ជេម សុខ កន្លងទៅអាចទទួលបានព័ត៌មានខ្លះពីកម្ពុជា តាមរយៈអ្នកផ្តល់ព័ត៌មានពីស្រុកខ្មែរ ប៉ុន្តែអ្នកដែលផ្តល់ព័ត៌មាននោះ ក៏មិនមានព័ត៌មានគ្រប់ជ្រុងជ្រោយដែរ។ សម្តេចបានបញ្ជាក់ថា ប្រសិនបើ លោក ជែម សុខ មកកម្ពុជា សម្តេចនឹងមិនមាននរណាចាប់នោះទេ ហើយនឹងអនុញ្ញាតឱ្យលោកជួបជាមួយរដ្ឋមន្រ្តីដែលលោកបានរិះគន់ថា ខ្សោយជាងគេ មិនធ្វើសកម្មភាពអ្វីថែមទៀត ហើយបើសិនជាលោកចង់ផ្សាយផ្ទាល់ក្នុងជំនួបនោះ សម្តេចក៏អនុញ្ញាតឱ្យផងដែរ៕
ដោយ ៖ សិលា