ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រមកដល់ចំណុចភ្លើងស្តុប AEON3 ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមបានជិះម៉ូតូមកពីក្រោយហើយបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរួចនាំគ្នាព្រួតវាយទៅលេីយុវជនទាំង២នាក់បណ្ដាលឱ្យរងរបួស ហេីយនាំគ្នាលេីកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបAEON3 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KG-7366 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រស្រាប់តែមកដល់ចំណុចភ្លើងស្តុបAEON3 មានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ យុវជនរងគ្រោះ និងបានព្រួតគ្នាវ៉ៃ បណ្ដាលឲ្យយុវជនរងគ្រោះរងរបួស រួចពួកក្រុមជនសង្ស័យបានលើកម៉ូតូនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុយវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ផង៕
ដោយ៖ជ្រោយពេជ្រ