តំណាង​អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនជាតិឡាវម្នាក់ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់​(ទម្ងន់សរុប ១១៧គីឡូក្រាម)

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៥៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។

ជាក់ស្ដែង​ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដែលបានសហការជាមួយនឹងកម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងរួមមាន សារធាតុញៀនចំនួន ១១៧ គីឡូក្រាម ជាប្រភេទសារធាតុញៀនមេតំហ្វេតាមីន (WY) រថយន្តចំនួន ០១ គ្រឿង និងទូរស័ព្ទចំនួន ០៣ គ្រឿង។

បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិឡាវម្នាក់ ព្រមទាំងបក្ខពួកមួយចំនួនផ្សេង ទៀត ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងក្រៀល ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជូន សំណុំរឿងទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print