កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្តិបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២និងកិច្ចប្រជុំពាក់ព័ន្ធនៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP)លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូលបទ «ដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ» នៅវិមាន៧មករា រាជធានីភ្នំពេញ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានរដ្ឋរបស់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះឯកឧត្តមប្រាក់សុខុន អនុប្រធានទី១ព្រឹទ្ធសភានិងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP)លើកទី១២ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានត្រៀមលក្ខណៈលើការងារសំខាន់ៗ ដូចជាខ្លឹមសារឯកសារ ការត្រៀមទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅរបស់ភ្ញៀវ ការទទួលទានការរក្សាសន្តិសុខ ជាដើម ខណៈដែលមានភ្ញៀវបានចុះមកចូលរួមមានជាង២០០នាក់ហើយមកពីជាង៤០ប្រទេសមានគណបក្សនយោបាយចំនួន៥៧ប្រទេស និងអ្នកសារព័ត៌មានមកពី១១ប្រទេស ហើយនឹងមានការចុះឈ្មោះបន្តបន្ទាប់ទៀត។
លោកបញ្ជាក់ថា ៖ « ត្រូវការរៀបចំឱ្យល្អ គឺត្រូវរៀបចំការស្នាក់នៅរបស់ភ្ញៀវយើងមានផាសុកភាពមានសុវត្ថិភាព
រៀបចំពិធីការឱ្យបានស្រួលបួល រៀបចំកន្លែងប្រជុំ ការធ្វើដំណើរ ទៅមកពីកន្លែងសណ្ឋាគារទៅកន្លែងប្រជុំ ។ធ្វើយ៉ាងម៉ិចឱ្យដំណើរការរលូន។ ចំពោះខ្លឹមសាយើងខិតខំធ្វើយ៉ាម៉ិចធានាឱ្យកិច្ចពិភាក្សាយើងវិលជុំវិញប្រធានបទទាំងនោះដើម្បីនាំមកនូវផលប្រយោជន៍ទាំងតំបន់ និងពិភពលោក។ អ៊ីចឹងគណៈកម្មការរបស់យើងនេះ ប្រឹងតាមវិជ្ជាជីវៈធ្វើឱ្យគេចំណេញផ្នែកនយោបាយផង និងគេពេញចិត្តមកកម្ពុជាផង។ »
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជានឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី»នេះ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយនៅក្នុងគ្រួសារ ICAPPដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន ២លើក ក្នុងនោះកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow) និងមហាសន្និបាត ICAPP
លើក ទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សា)។
សូមបញ្ជាក់ថា មហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP)
គឺជាស្ថាប័ននយោបាយដ៏សំខាន់មួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងប្រទេសហ្វីលីពីន
កាលពីឆ្នាំ២000។
បច្ចុប្បន្ន ICAPP មានគណបក្សនយោបាយលើសពី៣៥0 នៅក្នុងតំបន់អាស៊ី ជាសមាជិក។
គោលបំណងរបស់ ICAPPបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្ដូរទស្សននយោបាយនិងមនោគមវិជ្ជានយោបាយរវាងបណ្តាគណបក្សនយោបាយ ជាពិសេសបង្កើតឱ្យមានបរិយាកាសល្អសម្រាប់សន្តិភាពនិងវិបុលភាពរួមគ្នាសម្រាប់ប្រទេសក្នុងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print