សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍ត្រកូលលីនពិភពលោក នឹងមានការប្រាស្រ័យទាក់ទងគ្នា ការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ច​ និងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍មហាសន្និបាតត្រកូលលីនពិភពលោក នឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ច​ និងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ។

សូមជម្រាបជូនថា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ញើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក។

មានប្រសាសន៍ក្នុងឱកាសពិធីដ៏អធិកអធមនោះ សម្តេចបវរធិបតី បានលើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖

ទី១. ប្រទេសកម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។

ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។

ទី៣. កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ។

ទី​៤. កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាសអំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧​លាន​នាក់ ​នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការផ្តល់ជូនលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះ​ការ​វិនិយោគ​នៅ​កម្ពុជា គឺជាការ​វិនិយោគ​ទៅ​កាន់​តំបន់ផ្សេង​ទៀតលើនៃ​ពិភពលោក។

ទី៥.កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ ។

ទី៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ​ជា​តំបន់​ថ្មី និង​ជា​អាទិភាព​ថ្មី​របស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍នេះនឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់គ្នារវាងធុរកិច្ច និងធុរកិច្ច​ ព្រមនិងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print