ភ្នំពេញ ៖ ផ្អែកតាមសេចក្តីណែនាំលេខ ០០១ ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវបានបែងចែកពីគ្នាដាច់ស្រឡះ ទាំងនីតិវិធីនៃការធ្វើ ឯកសារតម្រូវ ពេលវេលាទទួលសេវា សារៈសំខាន់នៃការប្រើប្រាស់ និងការប្រែប្រួលនៃស្ថានភាពសាមីជន ឬគ្រួសារនីមួយៗ។
នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។
ដើម្បីឆ្លើយតបទៅនឹងសំណួររបស់មហាជនដែលបានសួរថា “តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសគ្នាដូចម្តេច? លោកបណ្ឌិត ទូច សុឃៈ បានផ្ដល់ចម្លើយជូនងាយៗយល់ថា ភាពខុសគ្នានៃសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម។
១. សៀវភៅស្នាក់នៅ៖ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ មានន័យថា ប្រជាពលរដ្ឋស្នាក់នៅផ្ទះជួលក៏អាចធ្វើសៀវភៅស្នាក់នៅបានដែរ។
ជាមួយគ្នានេះ បុគ្គលដែលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់លំនៅឋានដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍។
ចំណែកបុគ្គលដែលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺជនបរទេសមិនមែនអន្តោប្រវេសន៍ ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ ជនបរទេសចូល និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលជាតិដែលកំពុងរស់នៅប្រមូលផ្តុំក្នុងបន្ទាយមិនចាត់ទុកជាលំនៅឋាន ប៉ុន្តែបុគ្គលទាំងនោះត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅតាមលំនៅឋានអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររៀងៗខ្លួន។
ឯកសារដែលតម្រូវភ្ជាប់ក្នុងការស្នើសុំសៀវភៅស្នាក់នៅរួមមាន៖ សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍(បើមាន) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតអនុញ្ញាតផ្លាស់ប្តូទីលំនៅពីប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លែងចាស់ ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។
២.សៀវភៅគ្រួសារ គឺជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។ បុគ្គលត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ គឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្រ្តៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុកម្តាយដែលកំពុងស្នាក់នៅអចិន្ត្រៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯបុគ្គលដែលមិនត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ គឺជនប្រទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារ និងប្រើប្រាស់សៀវភៅគ្រួសារនេះឡើយ។
ឯកសារដែលតម្រូវភ្ជាប់ក្នុងការស្នើសុំសៀវភៅគ្រួសាររួមមាន៖ សៀវភៅស្នាក់នៅ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសំបុត្រអាពាហ៍ពិពាហ៍ (បើមាន)។
បើតាមលោកបណ្ឌិត ទូច សុឃៈ ពីមុនឡើយ ការធ្វើសៀវភៅគ្រួសារ ជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រេចផ្ទេរ សិទ្ធិធ្វើជូនប្រជាពលរដ្ឋមកឱ្យនៅត្រឹមអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ខណៈការធ្វើសៀវភៅស្នាក់នៅ ក៏បានបន្តផ្ទេរសិទ្ធិធ្វើពីអធិការដ្ឋាន មកត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា ការផ្តល់សេវាសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺពុំតម្រូវឱ្យបង់ប្រាក់នោះឡើយ ដោយសេវាសៀវភៅគ្រួសារ ប្រសិនបើពលរដ្ឋអ្នកស្នើសុំមានឯកសារគ្រប់ និងត្រឹមត្រូវហើយ គឺតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ខណៈដូចគ្នាដែរ សៀវភៅស្នាក់នៅគឺតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ។ ប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ពលរដ្ឋអាចទំនាក់ទំនងសួរនាំ ឬរាយការណ៍មកកាន់លេខទូរស័ព្ទ1271 ឬ 017 898 915 ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ៕
ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្រសួងមហាផ្ទៃ