ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះបន្ទប់ស្នាក់នៅផ្ទះសំណាក់យីហោ”សួគ៌ា” (ជាន់ទី២) បន្ទប់លេខ១១២ ស្ថិតក្នុងចំណុចក្រុមទី១៤ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង២១ និង១០នាទីយប់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនបង្កឱ្យឆេះរាលដាលខ្លាំងដល់បន្ទប់ផ្សេងទៀត។
សូមជម្រាបជូនថា ទីតាំងកើតហេតុខាងលើ ជាប្រភេទសំណង់សង់អំពីថ្ម មានកម្ពស់៥ជាន់បន្ទប់ទំហំ៤ម៉ែត្រ គុណនិង ៥ម៉ែត្រ ម្ចាស់ផ្ទះជួលរងគ្រោះមានឈ្មោះ កែវ ហ៉ាន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់ដូរ ការឆេះខូចខាតរួមមាន៖ ១ បន្ទប់ រួមនឹងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងស្រុង ។
ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចុះជួយអន្តរាគមន៍នៅទីតាំងកើតហេតុ ដើម្បីទប់ស្កាត់កុំឱ្យឆេះរីករាលដាលខ្លាំង។
ក្នុងប្រតិបត្តិការសង្រ្គោះខាងលើនេះដែរ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចម្រុះ ចំនួន ០៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០១គ្រឿង អស់ទឹក ០១ឡាន៕ ដោយ៖តារា